លោករដ្ឋមន្ត្រី សុខ សូកេន អញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សា «សហសម័យកម្ពុជា ២០២៦» ដើម្បីពង្រឹងមិត្តភាពកម្ពុជា-ចិន
ភ្នំពេញ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទ «វេទិកាពិភាក្សាស្ដីពីទស្សនាវដ្ដីសហសម័យកម្ពុជា ឆ្នាំ២០២៦» ក្រោមមូលបទ «សហសម័យកម្ពុជា ក្នុងបរិបទនៃការប្រែប្រួលនៃបរិបទសកល» ដែលវេទិកានេះត្រូវបានរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងទស្សនាវដ្ដីពិភពលោកសម័យទំនើប ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន តំណាងស្ថានទូតចិន អង្គទូត វាគ្មិន អ្នកស្រាវជ្រាវ យុវជន ស.ស.យ.ក និងសិស្ស-និស្សិត ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃវេទិកានេះ ដែលជាចលករដ៏សំខាន់ក្នុងការតភ្ជាប់ថ្នាក់ដឹកនាំវ័យក្មេង ជំរុញការផ្លាស់ប្ដូរយុវជន វប្បធម៌ និងការស្រាវជ្រាវ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានរំលេចពីការវិវត្តជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពីប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាម មកជាប្រទេសដែលមានសន្តិភាពពេញលេញក្រោមការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា កម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍជាតិប្រកបដោយភាពធន់តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

លោករដ្ឋមន្ត្រី បានរំលេចពីការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវទស្សនទានជាយុទ្ធសាស្ត្រដោយផ្ដោតលើការប្រកាន់ខ្ជាប់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការបន្តវិនិយោគលើសក្ដានុពលយុវជន ការអប់រំ និងការស្រាវជ្រាវ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយម កិច្ចសហប្រតិបត្តិការតំបន់ និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវភាពជឿជាក់ខ្ពស់ថា វេទិកានេះនឹងបន្តរីកលូតលាស់ជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការផ្លាស់ប្ដូរចំណេះដឹង បណ្ដុះស្មារតីទទួលខុសត្រូវរួម និងពង្រឹងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស្ថិតស្ថេរនិងមានផ្លែផ្កាគួរជាទីមោទនៈតទៅអនាគត៕


