ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា សំណើសន្តិភាពជាមួយអាមេរិក រួមទាំងសំណងការខូចខាតក្នុងសង្គ្រាម និងការដកទ័ព របស់សហរដ្ឋអាមេរិក‎

‎បរទេស ៖ សំណើសន្តិភាពចុងក្រោយបំផុតរបស់ទីក្រុងតេហេរ៉ង់ ចំពោះសហរដ្ឋអាមេរិកពាក់ព័ន្ធ នឹងការបញ្ចប់អរិភាព នៅគ្រប់ទិសទីរួមទាំង ប្រទេសលីបង់ , ការចាកចេញរបស់កងកម្លាំង អាមេរិកពីតំបន់ដែលនៅជិតអ៊ីរ៉ង់ និងសំណងសម្រាប់ការបំផ្លិច បំផ្លាញ ដែលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែល ។ នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២៦ថា នៅក្នុងមតិយោបល់ដំបូង របស់ទីក្រុងតេហេរ៉ង់ លើសំណើនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Kazem Gharibabadi បាននិយាយថា ទីក្រុងតេហេរ៉ង់ក៏ បានស្វែងរកការលើកលែងទណ្ឌកម្ម ការដោះលែងមូលនិធិដែលបង្កក និងការបញ្ចប់ការបិទ ផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA។

‎លក្ខខណ្ឌដូចដែលបានពិពណ៌នានៅក្នុងរបាយការណ៍របស់អ៊ីរ៉ង់ហាក់ ដូចជាមានការផ្លាស់ប្តូរតិចតួចពីការផ្តល់ជូនពីមុន ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធ កាលពីសប្តាហ៍មុនថាជា “សំរាម”។

‎លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានផ្អាកការវាយប្រហារឡើងវិញដែលបានគ្រោងទុកលើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានផ្ញើសំណើសន្តិភាពថ្មីទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយថាឥឡូវនេះមាន “ឱកាសល្អណាស់” ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដែលកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
‎‎ប្រែសម្រួល: ណៃ តុលា

To Top