ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការគ្រប់គ្រងការពារ ដែនជម្រកសត្វព្រៃបឹងពែ នៅក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការគ្រប់គ្រង ការពារ តំបន់ដែនជំរកសត្វព្រៃបឹងពែ នៅតំបន់ជាំក្របី ក្នុងភូមិសាស្ត្រឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របី បានរាយការណ៍បញ្ជាក់ថា៖ ដែនជម្រកសត្វព្រៃបឹងពែ នៅប៉ែកខាងកើតស្ទឹងស្ទោង ក្នុងឃុំសាគ្រាម ដែលគ្រប់គ្រងដោយទីបញ្ជាការស្រាលតំបន់ជាំក្របី មានផ្ទៃដីប្រមាណជាង២០,០០០ ហិកតា ហើយកន្លងមកថ្មីៗនេះ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជនល្មើសបានលបលួចកាប់ទន្ទ្រានដោយខុសច្បាប់ នៅតំបន់ត្រពាំងតាយស និងតំបន់កន្សែងធំ មានប្រមាណជាង ៤ ហិកតា ។ បច្ចុប្បន្នផ្ទៃដីនេះ ត្រូវបានកងកម្លាំងចម្រុះការពារ និងយាមល្បាតយ៉ាងម៉ត់ចត់បំផុតមិនឲ្យមានការដុតរានឬដាំដុះធ្វើចំការបានឡើយ ។ ហើយជនសង្ស័យក្នុងករណីកាប់បំផ្លាញព្រៃឈើនេះ ស្ថាប័នបរិស្ថានបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់ជាំក្របី ក្នុងការគ្រប់គ្រង ការពារព្រៃឈើក្នុងដែនជម្រកសត្វព្រៃ បឹងពែរ នាពេលកន្លងទៅ និងបច្ចុប្បន្ននេះ ហើយជាមួយនោះដែរ ក៏បានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ការពារ ដីព្រៃឈើប្រមាណជា ៤ ហិកតា ដែលបានជនល្មើសលួចកាប់ទន្ទ្រានមុនពេលបុណ្យចូលឆ្នាំថ្មីកន្លងទៅ បានយ៉ាងល្អប្រសើរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងអ្នកពាក់ព័ន្ធ យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅពេលខាងមុខ។
ជាមួយគ្នានោះលោក ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៏បានផ្ដាំផ្ញើបន្ថែមចំពោះកងកម្លាំងចម្រុះរបស់យើងថា យើងត្រូវយាមល្បាតការពារដីព្រៃ ឱ្យបានល្អប្រសេីរក្នុងបុព្វហេតុថែរក្សាព្រៃឈើរបស់យើង ។


បន្ទាប់ពីកិច្ចសំណេះសំណាលនិងផ្ដែផ្ដាំត្រូវបានចប់សព្វគ្រប់លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូន ស្បៀងអាអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីធានាជីវភាពប្រចាំថ្ងៃ និងជាមធ្យោបាយធ្វើដំណើរក្នុងការបំពេញភារកិច្ចសម្រាប់បម្រើសង្គមជាតិដ៏មានសារៈសំខាន់នេះផងដែរ៕
ដោយ៖ សំនៀង
