អ្នកជំនាញអន្តរជាតិ៖ វិធានការក្តៅរបស់កម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ជាយុទ្ធសាស្ត្រគំរូកសាង «សហគមន៍អាស៊ានស្អាតស្អំ»
ភ្នំពេញ៖ ការសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់ និងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយទៀត និងមានតម្លៃជាយុទ្ធសាស្ត្រសម្រាប់កិច្ចការពារសន្តិសុខជាតិ សន្តិសុខសង្គម និងកិត្តិយសជាតិលើឆាកអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ប្រឆាំងការជួញដូរមនុស្ស ប្រឆាំងការឆបោកតាមប្រព័ន្ធឌីជីថល និងប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនចូលមកកម្ពុជា។
លោក អាន ប៉ាស្ទី (AN Pasty) អ្នកជំនាញច្បាប់អន្តរជាតិ ភូមិសាស្ត្រនយោបាយ និងជាអតីតអ្នកការទូតកម្ពុជាប្រចាំតំបន់អាមេរិកឡាទីន ដែលមានបទពិសោធន៍ជាង ២ ទសវត្សរ៍ក្នុងវិស័យច្បាប់និងការបរទេស បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះមិនត្រឹមតែជាការពង្រឹងនីតិរដ្ឋ និងកិច្ចការពារអធិបតេយ្យភាពជាតិ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថាកម្ពុជា កំពុងដើរតួនាទីជាគំរូក្នុងតំបន់អាស៊ានទាំងមូល The Association of Southeast Asian Nations (ASEAN) ក្នុងការកសាងសហគមន៍ដែលមានសុវត្ថិភាព ស្អាតស្អំ និងផ្អែកលើច្បាប់ (rule-based regional order from Cambodia)។
ក្នុងបរិបទសន្តិសុខតំបន់ ឧក្រិដ្ឋកម្មអនឡាញគឺជាអំពើឧក្រិដ្ឋកម្មឆ្លងដែនដែលប៉ះពាល់ដល់សេដ្ឋកិច្ច សិទ្ធិមនុស្ស សន្តិសុខសាធារណៈ និងភាពជឿជាក់របស់វិនិយោគិនអន្តរជាតិ។ ដូច្នេះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបណ្តាញទាំងនេះ គឺជាការរួមចំណែកដោយផ្ទាល់ក្នុងការពង្រឹងគោលការណ៍នៃសហគមអាស៊ាន Association of Southeast Asian Nations ស្តីពីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការតំបន់។
ប្រទេសសមាជិកអាស៊ាន Association of Southeast Asian Nations ផ្សេងៗទៀតក៏គួរតែពង្រឹងកិច្ចសហការរួមគ្នាជាមួយកម្ពុជា ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មអនឡាញឲ្យបានដូចគ្នា និងអោយខាងតែបាន ព្រោះបញ្ហានេះមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានទេ។ កម្ពុជាកំពុងបង្ហាញថា ការដឹកនាំដែលមានឆន្ទៈនយោបាយច្បាស់លាស់ និងការអនុវត្តច្បាប់យ៉ាងតឹងរឹង អាចធ្វើឲ្យប្រទេសមួយគឺកម្ពុជានឹងក្លាយជាគំរូនៃការពង្រឹងសណ្តាប់ធ្នាប់សង្គម និងភាពជឿជាក់ជាអន្តរជាតិ។
នេះគឺជាការបោះជំហានដ៏មានសារៈសំខាន់ក្នុងការរួមចំណែកកសាងអាស៊ានរបស់កម្ពុជា ដែលប្រកបដោយភាពស្អាតស្អំ សុវត្ថិភាព និងការកសាងអនាគតអាស៊ានរួមគ្នាមួយប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនអាស៊ានទាំងមូល។
