អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចុះពិនិត្យ ជួយអន្តរាគមន៍ ក្នុងការពន្លត់អគ្គីភ័យមួយកន្លែង ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមសមត្ថកិច្ចនគរបាល នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៥០នាទី ថ្ងៃកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យឆេះផ្ទះ។ ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជួយធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។

មន្ត្រីជំនាញបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ រងការខូចខាតផ្ទះមានទំហំទទឹង ៦ x ១២
ម៉ែត្រ មូលហេតុ ឆ្លងចរន្តអគ្គិសនី។បន្ទាប់មកបានឆេះរៀដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ ដែលម្ចាស់ផ្ទះទី២ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ខូចខាតផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ និងម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។
ករណីខាងលើនេះ ម្ចាស់ផ្ទះ មានការបាត់បង់ថវិកា និងឯកសារមួយចំនួន និងបណ្ដាលអោយរបួសម្ចាស់ផ្ទះ ចំនួន ១នាក់ (របួសស្រាល) ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា
