កម្ពុជា បដិសេធភាគីថៃ ដោយមួលបង្កាច់ថា ទាហានកម្ពុជា បាញ់រះ ២លើក នៅតំបន់ភ្នំទ្រព្យ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាង របស់ថៃ ថា ទាហានកម្ពុជា បង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើក នៅតំបន់ភ្នំទ្រព្យ ដោយចាត់ទុកថា «ជាព័ត៌មានមិនពិត»។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្រុមការងារទំនាក់ទំនង របស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការ គ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញ នូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន៕
