អ្នកជំនាញច្បាប់អន្តរជាតិលើកឡើងពីយន្តការ UNCLOS ក្នុងការដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ
ភ្នំពេញ៖ កម្មវិធីបាឋកថានៅវិមានរដ្ឋសភាជាតិ ក្នុងនាមខ្ញុំជាអ្នកឯកទេសច្បាប់អន្តរជាតិ និងជាការចែករំលែកយន្តការច្បាប់អន្តរជាតិនៅចំពោះមុខបញ្ហាប្រឈមដែនអធិបតេយ្យជាតិ ក្រោមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមមាត្រា៥១ ថ្មី ក្នុងនាមប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។

ការពង្រឹងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា៖ ការប្រើប្រាស់យន្តការនីតិសមុទ្រ UNCLOS និងការនាំមុខផ្នែកការទូតក្នុងការដោះស្រាយវិវាទដែនអធិបតេយ្យរវាងប្រទេសកម្ពុជា–ថៃ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ អ្នកជំនាញច្បាប់អន្តរជាតិ ដែលទទួលបានការសិក្សាផ្ទាល់ពីអង្គការសហប្រជាជាតិផ្នែកនីតិសមុទ្រ លោក អាន ប៉ាស្ទី បានធ្វើបទបង្ហាញដ៏សំខាន់មួយនៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាអ្នកជំនាញច្បាប់អន្តរជាតិ និងក្នុងនាមបញ្ញវន្ត័កម្ពុជាមួយរូប និងក្នុងស្មារតីជាតិដើម្បីជាប្រយោជន៍រួមដល់ជនរួមជាតិកម្ពុជាទាំងអស់។ នៅក្នុងបាឋកថានេះ លោក អាន ប៉ាស្ទី បានលើកឡើងនូវផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបផ្នែកការទូតសម្រាប់កម្ពុជា ចំពោះការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។
ចំណុចស្នូលនៃវិធីសាស្ត្រដែលលោកលើកឡើងនោះរួមមាន៖
ទី១ ការបន្តនូវយន្តការបុរេសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តាមរយះយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នេះអោយកាន់តែសកម្មឡើងថែមទៀត។
ទី២ យុទ្ធសាស្ត្រការទូតសកម្ម និងការទូតបុរេសកម្មអោយខ្លាំងឡើងថែមទៀតជាមួយដៃគូតំបន់ និងអន្តរជាតិ និងការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃត្រូវតែគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក អាន ប៉ាស្ទី ក្នុងនាមជាអ្នកជំនាញនីតិអន្តរជាតិ និងនីតិសមុទ្រ បានស្នើឡើងទៀតថា កម្ពុជាគួរគប្បីបង្កើនវិធានការការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការកសាងសម្ព័ន្ធភាពជាមួយតួអង្គសំខាន់ៗនៅក្នុងតំបន់អាស៊ាន អឺរ៉ុប អាស៊ី ។ល។ និងគ្រប់ទ្វីបពាក់ព័ន្ធ និងការប្រើប្រាស់យន្តការអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិអោយជួយធ្វើជាសាក្សីកាន់តែទូលំទូលាយលើបញ្ហាដែលថៃនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរតួយ៉ាងគឺថៃបាននឹងកំពុងបន្តឈ្លានពានកម្ពុជាអស់រយះពេល ៨០០ ឆ្នាំកន្លងមកហើយ និង ដើម្បីបង្កើនយន្តការការទូតបុរេសកម្មដើម្បីទទួលបានការគាំទ្រជារួមពីសហគមអន្តរជាតិក្នុងន័យ និងក្នុងស្មារតីរួមគ្នាលើកស្ទួយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងរួមគ្នាប្រឆាំងអំពើឈ្លានពានទាំងឡាយដែលរំលោភច្បាប់អន្តរជាតិ។ តាមរយៈការទទូចឱ្យមានការគោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារួមទាំងសហគមន៍អន្តរជាតិ អាចដាក់សម្ពាធជាបន្តបន្ទាប់ទៅលើប្រទេសថៃ ឱ្យចូលរួមដោះស្រាយវិវាទអធិបតេយ្យភាពជាតិជាមួយកម្ពុជាដោយសន្តិវិធី និងក្នុងនាមជាអ្នកជិតខាងល្អ ដោយក្តីស្មោះត្រង់ពិតប្រាកដ និងកុំអោយមានល្បិចកិច្ចកល ឬឧបាយកលបន្តទៀត។ ត្រូវចូលមកយន្តការJBC វាស់វែងអោយបានដាច់ស្រេច និងស្នើអោយថៃឈប់យកលេសអូសបន្លាយពេល និងទិញពេលវេលាតទៀត។
នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រនេះ មិនត្រឹមតែមានគោលបំណងការពារអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុចរិតភាពក្នុងការអនុវត្តច្បាប់អន្តរជាតិ ទាំងភាគីកម្ពុជា និងភាគីថៃ ក្រោមស្មារតីប្រកាន់យកនូវគោលការណ៍សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ផងដែរ ព្រមទាំងបង្កើតជាគំរូមួយសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធីប្រកបដោយភាពជោគជ័យ ក្រោមយន្តការនៃច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់កើតចេញពីកម្ពុជានៃយើង។
