ព័ត៌មានជាតិ

វិទ្យាស្ថាន RPITSE នៅខេត្ដក្រចេះ ផ្តល់អាហារូបករណ៍ជាង ៣ ០០០​កន្លែង​ដល់​យុវជន ​មកពីគ្រួសារក្រីក្រ និង​ងាយ​រងហា​និ​ភ័​យ ​ដែល​មាន ១២មុខជំនាញ តាមរយៈកម្ម​វិធី ១,៥លាននាក់

ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្តល់​អាហា​រូបករណ៍​ចំនួន ៣ ១៤៥ ​កន្លែង​ដល់​ប្រជា​ពលរដ្ឋ និង​យុវជន​មកពីគ្រួ​សារ​ក្រីក្រ និងងាយ​រងហានិភ័យ ក្រោមកម្មវិធីបណ្ដុះ​​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា ​វិទ្យាស្ថាន​បានទទួល​សិស្សចុះ​ឈ្មោះ​ចូលរៀន​សរុបចំនួន ២ ២៦៣នាក់ គិតចាប់ត្រឹមឆ្នាំ ២០២៤ មក​ដល់​ត្រឹមឆមាសទី១នៃឆ្នាំ ២០២៦នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ១-ការងារកំបោរ​, ២-ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ, ៣-សេវាកម្ម​បរិក្ខា​ត្រជាក់ក្នុង​គេហ​ដ្ឋាន, ៤-ការ​ថែ​ទាំ និង​ជួសជុល​ទោចក្រយាន​យន្ត, ៥-ការ​ថែទាំ និង​ជួស​ជុល​រថយ​ន្ត។
 
ជាមួយគ្នា វិទ្យាស្ថាន RPITSE ​បានផ្តល់អាហារូបករណ៍ទៅលើ១២ មុខជំនាញមានដូចជា ១-ការងារកំបោរ, ២-ការដំឡើង​បណ្តាញអគ្គិសនីក្នុ​ង​អ​គារ, ៣-សេវាក​ម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៤-ការ​ថែទាំ និងជួសជុលទោ​ចក្រយានយន្ត, ៥-ការថែទាំ និង​ជួសជុលរថ​យន្ត, ៦-ការផ្សារអគ្គិសនី, ៧-ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ៩-សេវាកម្មកុំព្យូទ័រ, ១០-សេវាកម្មសម្អាងកាយ, ១១-សេវា​កម្មកាត់​សក់​បុរស និង១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយ​ចុះ​ឈ្មោះ​ចូលរៀនតាមរយៈលេខទូ​រសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬអ​ញ្ជើញ​​​មកវិទ្យា​ស្ថានព​ហុប​ច្ចេកទេស​ភូមិភា​គតេជោ​សែន​ឦសាន ដែលមានទីតាំង​ស្ថិត​នៅ​ភូមិ​​អូរឬស្សីទី២ សង្កាត់​អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។
 
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោលដៅមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top