រដ្ឋមន្ត្រីមុខងារសាធារណៈ លើកទឹកចិត្តឱ្យមន្រ្តីរាជការ ហ៊ានលើកឡើងពីបញ្ហាប្រឈម ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យហ៊ានរាយការណ៍ពីកង្វល់ និងបញ្ហាប្រឈមនានា ដែលខ្លួនបានជួបប្រទះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។

យោងតាមរបាយការណ៍បូកសរុបវឌ្ឍនភាព អានដោយ លោក សៀត វិចិត្រ អគ្គលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលពេញមួយខែឧសភានេះ ក្រសួងបានសម្រេចនូវកិច្ចការងារជាច្រើនគួរជាទីមោទនៈ ដែលគ្របដណ្តប់ទាំងលើការងារស្នូល និងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងតាមបណ្តាមន្ទីររាជធានី-ខេត្ត។
ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បើទោះបីជាក្រសួងមុខងារសាធារណៈ បានសម្រេចនូវកិច្ចការ របស់ខ្លួនជាច្រើនក៏ដោយ ក៏យើងនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការពិភាក្សា និងស្វែងរកធាតុចូលបន្ថែម។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូបនៃក្រសួងមុខងារសាធារណៈ ឱ្យចូលរួមរាយការណ៍ និងលើកឡើងពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីយើងរួមគ្នាពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលា»។
បន្ថែមពីលើការជំរុញឱ្យមានការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់ការលើកឡើង ឬបញ្ហានានាដែលកើតចេញពីមតិយោបល់របស់សាធារណជន ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព៕
