លោក គន់ គីម ប្រកាសចាប់ផ្តើម ធ្វើផ្សារបណ្តោះអាសន្ន ជូនជនភៀសសឹក
ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះជួបអាជីវករ ជាប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅផ្ទះបណ្តោះអាសន្ន និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក គន់ គីម ថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្ន ជូនសម្រាប់ជនភៀសសឹក ដើម្បីមានទីតាំងលក់ដូរជាលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិត ផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តនេះ ។

លោកថា ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាព ដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹក ទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ។
បន្ទាប់ពីជួបអាជីវករប្រជាពលរដ្ឋភៀសសឹក លោក គន់ គីម បានចុះជួបអាជីវករដែលបង្កើតមុខរបរ និងអាជីវកម្មតាមខ្នងផ្ទះ បានដំណើរការប្រកបរបរទទួលទានជាបន្តបន្ទាប់ ទៅតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាល បានជួយដល់ជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋភៀសសឹកតាមរយៈការឧបត្ថម្ភគាំទ្រជាថវិកា។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន៥៤នាក់បន្ថែមទៀត បានបន្តចាកចេញពីជំរំ សុវត្ថិភាពត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត ៦សែន២ម៉ឺននាក់ ឬ ជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ៕


