សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ
ភ្នំពេញ៖ ឆ្លើយតបនឹងទៅការបញ្ចេញមតិ របស់អ្នកលេងបណ្តាញសង្គម ថាសម្តេចធិបតី មិនបានគិតគូរពីប្រទេសជាតិ ឆ្លៀតពេលដើរលេងខ្នងផ្សារ ការពីថ្ងៃអាទិត្យកន្លងទៅ ត្រូវបានសម្តេចអះអាងថា ទម្លាប់របស់សម្តេច នៅពេលដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្ថិតនៅផ្លូវ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញទៅតំបន់ទេសចរបៃតង ដ៏មានសក្តានុពល ខ្នងផ្សារនេះ គឺជាការទៅ ពិនិត្យជាក់ស្តែង ដើម្បីឱ្យពិន្ទុរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីទេសចរណ៍ រួមជាមួយអភិបាល ខេត្តកំពង់ស្ពឺ ដែលអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ខ្នងផ្សារបានល្អ និងទទួលបានពិន្ទុខ្ពស់ ។
សម្តេចធិបតី បញ្ជាក់ថា ក្រោមការពិនិត្យ និងផ្ទៀងផ្ទាត់ដោយផ្ទាល់ នូវសមទ្ធផលក្នុងរបាយការណ៍ ជាមួយសមទ្ធផលនៅទីតាំងជាក់ស្តែង លើកិច្ចការដែលសម្តេចបានឱ្យរដ្ឋមន្ត្រី២រូប ជាមួយអភិបាលខេត្តរួមគ្នាធ្វើ ពិតជាមានសមទ្ធផលល្អប្រសើរពិតប្រាកដមែន ។
សម្តេចធិបតី មានប្រសាសន៍ថា “ទៅធ្វើអី ទៅតាមដានត្រួតពិនិត្យ ព្រោះទម្លាប់ខ្ញុំ តែដាក់ផែនការហើយ ទៅលើកិច្ចអ្វីមួយលម្អិត ដែលខ្ញុំយកចិត្តទុកដាក់ ខ្ញុំទៅមើលហើយ អត់ស្តាប់តាមរបាយការណ៍ទេ” ។
តាមការរំលឹក កាលពីឆ្នាំមុន សម្តេចធិបតី បានអញ្ជើញទៅម្តង និងបានផ្តល់គោលការណ៍ ឱ្យរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីទេសចរណ៍ រួមជាមួយអភិបាលខេត្តកំពង់ស្ពឺ ឱ្យធ្វើយ៉ាងណាអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ នៅខ្នងផ្សារ ដើម្បីក្លាយជាសហគមន៍គំរូរមួយ ដើម្បីយកការអភិវឌ្ឍក្នុងមូលដ្ឋាន មកបង្កើនចំណូលដល់មូលដ្ឋាន តានរយៈធ្វើឱ្យយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ។ ក្នុងនោះ សម្តេចធិបតី បានឱ្យដកអាជ្ញាបណ្ណឯកជន ធ្វើយ៉ាងណាវិនិយោគកន្លែងណាដែលមិនប៉ះពាល់ ដល់សហគមន៍នៅទីនោះ ហើយអាចជួយគ្នាទៅវិញទៅមក ដោយមិនទៅជំនួសសហគមន៍ឡើយ ។
តាមរយៈការចុះពិនិត្យលើកនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ទៅលើកិច្ចការរបស់រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីទេសចរណ៍ រួមជាមួយអភិបាលខេត្តកំពង់ស្ពឺ ដែលអភិវឌ្ឍសហគមន៍ទេសចរណ៍ខ្នងផ្សារ បានល្អប្រសើរ ហើយទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ។
តាមការពិនិត្យជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿចិត្តថា សហគមន៍ខ្នងផ្សារ នឹងទទួលបានជោគជ័យ ហើយបន្តមាននិរន្តរភាព ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “មូលហេតុ ដែលខ្ញុំទៅខ្នងផ្សារថ្ងៃទី៣១ ខ្ញុំចង់ទៅដើម្បីមើលការអភិវឌ្ឍ ជាក់ស្តែងតែម្តង ហើយខ្ញុំ ពិតជាមានការត្រេកអរ ដែលក្រសួងស្ថាប័នរបស់យើង រដ្ឋមន្ត្រី និងអភិបាលខេត្តបាន សហការគ្នាធ្វើ អភិវឌ្ឍន៍ ហើយជាពិសេសប្រជាពលរដ្ឋ នៅសហគមន៍មានការសប្បាយចិត្ត”៕
