ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក វាយប្រហារនាវាដឹកប្រេងមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kharg របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនៅថ្ងៃអង្គារបានបំផ្លាញនាវាដឹកប្រេង ដែលគ្មានផ្ទុកប្រេងមួយគ្រឿងដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង ដែលមានទង់ជាតិបុតស្វាណា គឺនាវា M/T Lexie ខណៈពេលដែលវាកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិឆ្ពោះទៅកាន់មជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែរ្ស នេះបើយោងតាមបញ្ជាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “ក្រុមនាវិកនៃនាវាបានមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត ដោយមិនបានគោរពតាមការណែនាំពីកងកម្លាំងអាមេរិកច្រើនដងក្នុងរយៈពេល ២៤ ម៉ោង”។ ការថតសំឡេងទំនាក់ទំនងតាមវិទ្យុ ដែលទទួលបានផ្តាច់មុខដោយស៊ីនហួពីសមាជិកនាវិកម្នាក់នៅលើនាវាពាណិជ្ជកម្មដែលជាប់គាំងនៅជិតច្រកសមុទ្រហ័រមូស បានបញ្ជាក់ពីការវាយប្រហារនេះ។

នៅក្នុងការថតសំឡេងមួយ យន្តហោះអាចត្រូវបានគេដឹងថា “នេះគឺជាយន្តហោះរបស់សហរដ្ឋអាមេរិក។ យើងនឹងបាញ់ទៅលើបន្ទប់ម៉ាស៊ីនរបស់អ្នក។ ជម្លៀសបន្ទប់ម៉ាស៊ីនរបស់អ្នកចេញ”។ មិនយូរប៉ុន្មាន ការហៅទូរស័ព្ទសុំជំនួយមួយ ដែលត្រូវបានគេជឿថា មានប្រភពមកពីកប៉ាល់ដឹកប្រេងបានឲ្យដឹងថា “Mayday, Mayday។ កប៉ាល់ដឹកប្រេង LEXIE។ ភ្លើងឆេះនៅក្នុងបន្ទប់ម៉ាស៊ីន ហើយយើងកំពុងបោះបង់ចោលកប៉ាល់”។

វាមិនច្បាស់ភ្លាមៗទេថាតើការវាយប្រហារនេះបានបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសឬអត់។ នាវាដឹកប្រេងនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ២០២៥ ចំពោះការជាប់ពាក់ព័ន្ធរបស់ខ្លួននៅក្នុងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់។

នៅថ្ងៃទី៣០ ខែឧសភា មជ្ឈមណ្ឌលព័ត៌មានសមុទ្ររួមដឹកនាំដោយសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយថា ការរឹតបន្តឹងដែលដាក់ដោយយោធាសហរដ្ឋអាមេរិកលើកំពង់ផែអ៊ីរ៉ង់នៅតែមានសុពលភាព ហើយនាវាត្រូវបានហាមឃាត់មិនឱ្យចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top