DAP News
Feature

កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗ នៅភាគខាងជើងនៃប្រទេស

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើន សៃ-សៀមប៉ាង ក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការ គំរាមកំហែង នៃការផុតពូជ ហើយមានប្រភេទខ្លះ គឺពុំដែលត្រូវបានប្រទះ ឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។

សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល Sunda pangolin (Manis javanica), សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus), សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis), សត្វកែះ Mainland serow (Capricornis sumatraensis), សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus), សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)។

លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦-ប្រភេទ បក្សី ១៨-ប្រភេទ និងសត្វល្មូន ៣-ប្រភេទ។

លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកល នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មាន សំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការ សម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការ កំណត់យុទ្ធសាស្រ្ត បានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្ត បានលើកឡើងថា «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ី យ៉ាងណាក៏ដោយ ក៏នៅមិនទាន់ មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបាន ទូលំទូលាយនៅឡើយទេ ដោយសារវា ជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយ ធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»៕

To Top