Feature

អ្នកនាំពាក្យក្រសួងព័ត៌មាន លើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

‎ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។

ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។

លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏ដូចជាមន្ទីររាជធានី-ខេត្តទូទាំងប្រទេស ឱ្យពង្រឹងប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណមតិក្នុងមូលដ្ឋាន និងបានជំរុញឱ្យការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ឱ្យជោគជ័យ តាមបែបផែននិងរបៀបរបបកំណត់។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធនាការជំហានទី២នេះ មានសារៈសំខាន់ណាស់រួមចំណែក្នុងការងារព័ត៌មាននិងសាធារណមតិ ដោយត្រូវផ្តោតលើការចុះផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានី-ខេត្ត ឱ្យចេះបង្ការនិងការពារខ្លួនពីព័ត៌មានបំពុលសង្គម។

«មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យ និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងការបង្ការនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការ ហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិធីសាស្ត្រទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញFacebook, TikTok និង Telegram ជាដើម» ។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា៖ «យុវវ័យជាកម្លាំងចលករក្នុងការបង្កើនស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ និងចែករំលែកព័ត៌មានក្នុងសង្គម ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលសុវត្ថិភាព និងគ្មានការបំពុលដោយព័ត៌មានមិនពិត។ យុវជនមានតួនាទីសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើតមាតិកាវិជ្ជមានតបតទៅនឹងឧបាយកលបំពុលសង្គម» ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ វត្តមានរបស់ពួកគេចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ 

យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានី វត្តភ្នំក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បានបើកទំព័រថ្មីមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជំហានទី២ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕

To Top