កម្ពុជា-ចិន រួមគ្នាលើកកម្ពស់ ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីពង្រឹងការគ្រប់គ្រង ទំនាក់ទំនងការងារ និងបង្កបរិយាកាសវិនិយោគ កាន់តែល្អប្រសើរនៅកម្ពុជា
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក JIANG Nan ភារធារីស្ដីទីនៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រង ទំនាក់ទំនងការងារ” ដែលរៀបចំដោយសមាគមសភា ពាណិជ្ជកម្មចិននៅកម្ពុជា សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគារ Morgan Tower ។ សិក្ខាសាលា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនចិន កំពុងធ្វើអាជីវកម្មនៅកម្ពុជា មានគោលបំណងបង្កើនការយល់ដឹង និងអនុវត្តច្បាប់ ព្រមទាំងបទប្បញ្ញត្តិ ពាក់ព័ន្ធរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ក៏ដូចជាពង្រឹងសមត្ថភាព សហគ្រាសក្នុងការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងការងារ ប្រកបដោយសុខដុមរមនា និងកាត់បន្ថយវិវាទការងារ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជាក្នុងកិច្ចសហការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក JIANG Nan ដែលបានអញ្ជើញចូលរួម ព្រមទាំងចំពោះប្រទេសចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ គាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាលើកទឹកចិត្តជនជាតិចិនមកវិនិយោគនៅកម្ពុជា ។ ទន្ទឹមនេះ លោកក៏បានអរគុណចំពោះអ្នកវិនិយោគិនទាំងអស់ដែលជឿទុកចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដែលមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច ពង្រីកសមត្ថភាពផលិតកម្ម និងធ្វើពិពិធកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជា “កម្លាំងចលករ” និងជាដៃគូអភិវឌ្ឍដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ ។ ទន្ទឹមនេះ ច្បាប់ស្តីពីការងារ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធគឺ ជាមូលដ្ឋានសំខាន់ សម្រាប់ការគ្រប់គ្រង ទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិត ហើយប្រធានបទទាំង ៣ គឺ (១) យន្តការអធិការកិច្ចការងារ, (២) ការគ្រប់គ្រងមុខរបរ និងការងារជនបរទេស និង(៣) ការចែករំលែកបទពិសោធ ស្តីពីការអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងកម្លាំងពលកម្មក្នុងបរិបទអន្តរវប្បធម៌ នាឱកាសនេះ គឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

លោកបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗនៃការអនុលោមតាមច្បាប់ ជាពិសេសធានាសុវត្ថិភាពផ្លូវច្បាប់ និងការប្រកបអាជីវកម្មប្រកបដោយស្ថិរភាព, បង្កើនកេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវក្នុងអាជីវកម្ម, កាត់បន្ថយហានិភ័យនៃវិវាទការងារ, បង្កើនផលិតភាពការងារ និងការចូលរួមយ៉ាងសកម្មពីនិយោជិត, ការទទួលបានការគាំទ្រ និងលើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាល និងរក្សាភាពជឿជាក់ ព្រមទាំងបង្កើនការប្រកួតប្រជែងទីផ្សារអន្តរជាតិជាដើម។ តាមរយៈបទបង្ហាញពីប្រធានបទទាំងនេះ លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងកាន់តែច្រើនពីកាតព្វកិច្ចផ្លូវច្បាប់ វិធីសាស្ត្រគ្រប់គ្រងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហានៅកន្លែងការងារដោយសមស្រប ដែលក៏អាចជួយមិនឱ្យមានការចោទប្រកាន់ ឬយល់ច្រឡំណាមួយផងដែរ។

ក្រសួងក៏បានលើកទឹកចិត្ត ឱ្យសមាគមបន្តដើរតួនាទីជាអ្នកជួយផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗទៅកាន់សមាជិករបស់ខ្លួន ជួយសម្របសម្រួល ការទទួលបានព័ត៌មានផ្លូវការ និងជំរុញឱ្យសមាជិកស្វែងរកការណែនាំពីក្រសួង ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត នៅពេលមានចម្ងល់ពីការអនុវត្តច្បាប់។

នាឱកាសនោះ លោក JIANG Nan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការងារដែលគាំទ្រ សិក្ខាសាលានេះ និងដំណើរការ សមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជា ។ លោកបានលើកឡើងថា ប្រទេសចិនបានបន្តជាដៃគូ ពាណិជ្ជកម្មធំជាងគេ របស់កម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាមកនេះ ដោយសហគ្រាសចិនជាច្រើនបន្តបើកអាជីវកម្មនៅកម្ពុជា ។ ស្ថានទូតចិនប្រចាំកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញសហគ្រាសចិនឱ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារនៅកម្ពុជា។ លោកសង្ឃឹមថា សហគ្រាសចិន នឹងចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីសិក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ហើយយកចំណេះដឹងនេះ ទៅអនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ប្រកបអាជីវកម្មដោយអនុលោមតាមច្បាប់ បំពេញការទទួលខុសត្រូវសង្គម របស់សហគ្រាសឱ្យបានពេញលេញ និងអនុវត្តការប្រកបអាជីវកម្មដែលផ្តោតលើការចូលរួម និងការអភិវឌ្ឍក្នុងស្រុក៕










