Feature

សម្តេចធិបតី៖ ក្នុងអាណត្តិនេះ ក្រៅពីបង្កើតសាលា កម្មវិធីសិក្សាដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋមានប័ណ្ណក្រីក្រ រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកាបំប៉នថែមទៀត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ នៅក្នុងអាណត្តិនេះ ក្រៅតែពីបង្កើតសាលា បង្កើតកម្មវិធីសិក្សាដោយឥតគិតថ្លៃ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ សម្រាប់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ដោយផ្តល់នូវថវិកាបំប៉នថែមទៀត ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ចល័យនេះ ផ្តោតទៅលើ៨មុខជំនាញ និងគ្រោងគិតគូបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារ ខណៈស្ថានភាបបច្ចុប្ប​ន្ន សាលារៀនត្រូវបានរុញទៅដល់ខេត្ត ដល់ស្រុក និងទៅដល់ឃុំសម្រាប់បឋមសិក្សា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “​​នៅក្នុងអាណត្តិនេះ យើងឃើញថា ក្រៅពីគ្រាន់តែបង្កើតសាលា បង្កើតកម្មវិធីឱ្យរៀន Free រាជរដ្ឋាភិបាល ក៏បានក៏ដាក់ចេញនៅ សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ យើងផ្តល់នូវថវិកាបំប៉នបន្ថែមទៀត តែទោះជាប៉ុណ្ណឹងក៏ដោយ ការវិវឌ្ឍរ​បស់យើងទៅមុខ ប៉ុន្តែការឆ្នៃប្រឌិត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនរបស់យើងកាន់តែមានលទ្ធភាព ក្រោយពីការធ្វើការវាយតម្លៃទៅ ក្រសួងការងា ​ក៏បានឃើញថា ទោះបីជាយើងដាក់ចេញ នូវកម្មវិធីរុញទៅដល់ខេត្ត មានប្រាក់បំប៉ន ក៏នៅមានក្មួយៗមួយចំនួន ប្អូនៗមួយចំនួននៅពិបាក ចែកគ្នារវាងលទ្ធភាព បំពេញភារកិច្ចប្រចាំថ្ងៃនៅផ្ទះ បូកជាមួយនឹងឆ្លៀតពេលមករៀន” ។

ក្នុងនោះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ដោយសារមើលឃើញពីការលំបាក របស់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ទើបក្រសួងការងារ ដាក់ចេញនូវជំនាញចល័ត ដោយរុញកម្មវិធីនេះ ទៅដល់ផ្ទះ ទៅដល់ស្រុក ហើយអនុវត្តសាកល្បងក្នុងពេលឆាប់ៗនេះ ខណៈសម្តេចសង្ឃឹមថា នឹងមានការចូលរួមរបស់យុវជន របស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗប្អូនៗដែលត្រូវការបំនិនបន្ថែម និងសូមឱ្យយកចិត្តទុកដាក់ ទៅលើគុណភាព ។

ទោះជាយ៉ាងក៏ដោយ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ដែរថា ការបណ្តុះបណ្តាលទាំងអស់ សូមកុំឱ្យមានតែរូបភាព សូមកុំឱ្យមានតែបរិមាណ តែត្រូវយកចិត្តទុកដាក់ទៅលើគុណភាព ព្រោះគុណភាពនេះ នឹងធ្វើឱ្យទាក់ទាញការរៀនសូត្របន្ថែម ព្រោះបើទៅរៀនហើយមកវិញអត់ចេះដដែរ ថ្ងៃក្រោយគ្មានអ្នកណាមករៀនទេ ចឹងត្រូវផ្តោតទៅលើគុណភាព និងការរៀបចំគ្រូ និងមេរៀនឱ្យបានច្បាស់៕

To Top