សមត្ថកិច្ចស្រុកក្រគរ សហការបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់បានចំនួន ២កន្លែង ដកហូតឈើផ្ចឹកសរុប ១៤ម៉ែត្រគូប
ខេត្តពោធិ៍សាត់៖ នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ឡេះ សាហ្វីរីន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលស្ដីទីស្រុកក្រគរ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដកហូតឈើខុសច្បាប់ចំនួន ២ ទីតាំងស្ថិតក្នុងឃុំឈើតុំ និងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្តល់ព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិ ដែលបានរាយការណ៍អំពីទីតាំងលាក់បាំងនៃការស្តុកឈើខុសច្បាប់។ ក្រោយទទួលបានដំណឹង មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកក្រគរ ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងទាំងពីរនេះ។

ជាលទ្ធផលនៃការចុះអនុវត្តច្បាប់ សមត្ថកិច្ចបានដកហូតឈើប្រភេទផ្ចឹកសរុបចំនួន ១៧៥ ដុំ ស្មើនឹងបរិមាណ ១៤.៩២០ ម៉ែត្រគូប។ វត្ថុតាងឈើខុសច្បាប់ទាំងអស់ត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅសាលាខេត្តពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត។

មន្ត្រីជំនាញ និងអាជ្ញាធរស្រុកបានថ្លែងអំណរគុណចំពោះកិច្ចសហការពីប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានយ៉ាងសកម្ម ដែលនេះជាកត្តាដ៏សំខាន់ក្នុងការការពារធនធានធម្មជាតិឱ្យបានគង់វង្ស និងបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងបន្តចុះល្បាត និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយគ្មានការលើកលែងឡើយ៕


អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល
