និស្សិតខ្មែរនៅជប៉ុនរៀបចំ «សប្តាហ៍កម្ពុជា ២០២៦» ផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់និស្សិតអន្តរជាតិ
ប្រទេសជប៉ុន៖ និស្សិតខ្មែរនៅប្រទេសជប៉ុននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងកម្មវិធី “សប្តាហ៍កម្ពុជា (Cambodian Week 2026)” នៅសាកលវិទ្យាល័យ Ritsumeikan Asia Pacific (APU) នៅខេត្តអូអ៊ីតា ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។ លោកខ្លេង សុខហ៊ ប្រធានតំបន់ហ្វូគូអូកា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតកម្ពុជា និងនិស្សិតអន្តរជាតិជាង ១០០ប្រទេស ដែលកំពុងសិក្សានៅទីនោះ។ កម្មវិធីនេះមានរយៈពេលមួយសប្តាហ៍ពេញ រួមមានការសម្តែងរបាំប្រពៃណី ការតាំងពិព័រណ៍វប្បធម៌ និងការលក់ម្ហូបអាហារខ្មែរ។

ក្នុងឱកាសនេះ និស្សិតខ្មែរ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ហាំង តុលា ប្រធានក្រុមការងារប្រទេសជប៉ុន ដែលបានឧបត្ថម្ភថវិកា សម្រាប់ទិញឈុតសម្លៀកបំពាក់ប្រពៃណី និងក្រុមការងារតំបន់ហ្វូគូអូកា ដែលបានឧបត្ថម្ភថ្លៃផ្ញើសម្ភារៈទៅប្រទេសជប៉ុន ដើម្បីគាំទ្រដល់និស្សិតខ្មែរ ក្នុងការរៀបចំកម្មវិធីខាងលើ៕




