DAP News
Feature

​ កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅ Buergenstock ជាមូលដ្ឋានគ្រឹះ​ សម្រាប់កិច្ចព្រមព្រៀង សន្តិភាពចុងក្រោយ

BUERGENSTOCK៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានឧ្យដឹងថា កិច្ចចរចា ជាមួយអ្នកចរចាអ៊ីរ៉ង់ ដែលសម្របសម្រួល ដោយប៉ាគីស្ថាន និងកាតា បាន «ដាក់មូលដ្ឋានគ្រឹះដ៏ល្អ​ សម្រាប់កិច្ចព្រមព្រៀងចុងក្រោយដ៏ជោគជ័យ»។

លោក JD Vance បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីវគ្គដំបូងនៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង សន្តិភាពបណ្តោះអាសន្នរវាងភាគីទាំងពីរ បានបញ្ចប់នៅរមណីយដ្ឋាន Buergenstock ប្រទេសស្វីស។

ប៉ុន្មានម៉ោងមុនការកត់សម្គាល់របស់លោក JD Vance ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់ ដែលដឹកនាំដោយប្រធានអ្នកចរចាលោក​ Mohammad Bagher Ghalibaf បានចាកចេញពីទីកន្លែងស្វីស ដើម្បីត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ បន្ទាប់ពីការចរចារយៈពេល​ ១៨ម៉ោង។

នៅក្នុងនោះដែរលោក JD Vance បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស បើកចំហ ហើយប្រេងឆៅ និងឧស្ម័នធម្មជាតិកំពុងឆ្លងកាត់។​«យើងចង់បង្កើតយន្តការមួយ​ សម្រាប់រក្សាច្រកសមុទ្រហ័រមូស ឲ្យបើកចំហ។ វាបើកចំហហើយ»។

លោកបានបន្ថែមថា តម្លៃឧស្ម័ន និងតម្លៃប្រេងធ្លាក់ចុះ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាប់លានបារ៉ែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស​ ដែលមិនធ្លាប់ហូរពីមុនមក។

គួរបញ្ជាក់ថា​ ច្រកសមុទ្រហ័រមូស​ គ្រប់គ្រងប្រហែល ២០ភាគរយ នៃលំហូរប្រេងតាមសមុទ្ររបស់ពិភពលោក ។ អ៊ីរ៉ង់​ បានរឹតបន្តឹងការគ្រប់គ្រង របស់ខ្លួនលើច្រកសមុទ្រហ័រមូស បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានចាប់ផ្តើមការវាយប្រហាររួមគ្នា របស់ពួកគេលើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ក្រោយមកសហរដ្ឋអាមេរិក​ បានដាក់ការបិទផ្លូវកងទ័ពជើងទឹក ដោយកំណត់គោលដៅកប៉ាល់​ ដែលធ្វើដំណើរទៅ និងមកពីអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top