ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ភាពជាអ្នកដឹកនាំ មិនត្រូវបានវាស់វែងត្រឹមតែជាតំណែង ប៉ុន្តែត្រូវបានវាស់វែងតាមរយៈសមត្ថភាព
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា ភាពជាអ្នកដឹកនាំមិនត្រូវបានវាស់វែងត្រឹមតែជាតំណែង ឬត្រឹមជាចំនួនការងារបានអនុវត្តកន្លងមកទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈសមត្ថភាព ក្នុងការបង្កើតទំនុកចិត្ត និងហ៊ានទទួលខុសត្រូវចំពោះលទ្ធផលការងារ។
នេះជាប្រសាសន៍លើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា តម្លៃសំខាន់បំផុតនៃកម្មវិធីនេះ មិនស្ថិតនូវត្រឹមតែចំណេះដឹងដែលសិក្ខាកាមទទួលបាននៅពេលបណ្តុះបណ្តាលនេះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការយកចំណេះដឹង និងបទពិសោធទាំងនេះ ទៅបំលែងជាសម្រេចចិត្ត សកម្មភាព និងលទ្ធផលជាក់ស្តែងនៅតាមអង្គភាព។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ភាពជាអ្នកដឹកនាំមិនត្រូវបានវាស់វែងត្រឹមតែជាតំណែង ឬត្រឹមជាចំនួនការងារដែលបានអនុវត្តកន្លងមកទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈសមត្ថភាពក្នុងការបង្កើតទំនុកចិត្ត ការប្រមូលផ្តុំ ការចូលរួម ការផ្តាស់ប្តូរជាវិជ្ជមាន និងហ៊ានទទួលខុសត្រូវចំពោះលទ្ធផលការងារ»។
ជាមួយគ្នានេះដែរ នវានុវត្តន៍ មិនត្រឹមតែជាការប្រើប្រាស់បច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ នវានុវត្តន៍ គឺជាការគិត ការរៀបចំតាមដានរបៀបថ្មី ការប្រើប្រាស់ទិន្នន័យបានល្អជាងមុន ឬការសហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាបានលឿន និងមានប្រសិទ្ធភាពជាមុន។ នវានុវត្តន៍ដែលមានតម្លៃ មិនមែនគ្រាន់តែជាគំនិតមើលទៅថ្មីនោះទេ ប៉ុន្តែជាគំនិតដែលអាចដោះស្រាយបញ្ហា កាត់បន្ថយការលំបាក និងបង្កើនតម្លៃបន្ថែមជូនប្រជាពលរដ្ឋ៕









