ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អញ្ជើញជាអធិបតីភាព ពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល​ យោធាចារ្យ ជំនាន់ទី២ បំពេញក្របខណ្ឌ សាលាពលទាហាន ចំណុះយោធភូមិភាគ ឆ្នាំ២០២០

ភ្នំពេញ​៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញ ក្របខណ្ឌ សាលាពលទាហាន ចំណុះយោធភូមិភាគ ឆ្នាំ ២០២០ នៅមូលដ្ឋានកងយោធពល ខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ បានមានប្រសាសន៍ថា “ការងារ ហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្ត យ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈ ការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ” ។

លោកឧត្តមសេនីយ៍ឯក “ដោយឡែកផែនការហ្វឹកហ្វឺន បានបន្តជម្រុញ គុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាព ដល់កងទ័ពអោយបានយល់ដឹង កាន់តែច្បាស់ និងស្ទាត់ជំនាញ តាមលក្ខណៈបច្ចេកទេស ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ និងដើម្បីកសាងកងទ័ពយើង អោយក្លាយជាកងទ័ព ប្រកបដោយសមត្ថភាព មានគុណភាព ក្នុងការពារឃឿនឯករាជ្យ អធិបតេយ្យ សុខសន្តិភាព ស្ថេរភាព កសាងមាតុភូមិយើង អោយក្លាយជាប្រទេស សម្បូររុងរឿងជានិរន្តន៌”។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក បានលើកទឹកចិត្ត​ ដល់នាយទាហាន នាយទាហានរង ដែលជាសិក្ខាកាមទាំងអស់ នៃវគ្គនេះ បន្តអនុវត្តន៍ភារកិច្ច និងបទបញ្ជានានា របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន កងទ័ពជើងគោក ជាពិសេស បទបញ្ជា និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយឈរលើស្មារតី នៃការតម្កល់ផលប្រយោជន៍ជាតិ ប្រជាជនកម្ពុជាជាធំ និងបំពេញការងារ ដើម្បីផលប្រយោជន៍ជូនជាតិ មាតុភូមិអោយបានល្អ៕

To Top