កម្ពុជា-ឥណ្ឌា ចុះ MOU ដើម្បីអនុវត្តគម្រោង បោសសម្អាតមីន នៅស្រុកភ្នំក្រវាញ
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា និងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា មានប្រវត្តិយូរអង្វែង និងត្រូវបានបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ដើម្បីប្រែក្លាយដីដែលធ្លាប់មានគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានបន្តឈរជាមួយកម្ពុជា ដោយគាំទ្រវិស័យសកម្មភាពមីនជាបន្តបន្ទាប់ ចាប់ពីគម្រោងបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង បន្តទៅស្រុកមណ្ឌលសីមា និងពេលនេះនៅខេត្តពោធិ៍សាត់ ដែលការគាំទ្រនេះបានរួមចំណែកស្តារដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពន្លឿនការអភិវឌ្ឍសហគមន៍។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការគាំទ្ររបស់ឥណ្ឌា មិនត្រឹមតែរួមចំណែកបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយស្តារក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារមីន តាមរយៈគំនិតផ្តួចផ្តើម India for Humanity ដែលបានផ្តល់ជើងសិប្បនិម្មិតដល់ពលរដ្ឋកម្ពុជាចំនួន ៦៥០នាក់។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងនៅភូមិមល់ បានប្រគល់ដីមានសុវត្ថិភាពទំហំជាង ១៦ហិកតា ជូនប្រជាពលរដ្ឋ តាមរយៈយន្តការភូមិអស់មីន ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លី ប្រកបរបរចិញ្ចឹមជីវិត និងកសាងអនាគតប្រកបដោយសុវត្ថិភាព៕









