ភ្លើងឆេះព្រៃខ្លាំងនៅកាណាដា បង្ខំឲ្យមានមនុស្សដល់ទៅ ២ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសំបែង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដោយសារតែការប្រកាសអាសន្នមួយ ត្រូវបានប្រកាសនៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីភ្លើងឆេះព្រៃដ៏លឿនដែលបានកើនឡើង ជិតទ្វេដងត្រឹមពេលមួយយប់។
ភ្លើងឆេះព្រៃ Bald Range កំពុងស្ថិតក្នុងលំបាកក្នុងការគ្រប់គ្រង ដែលជំរុញឱ្យមានការបញ្ជាជម្លៀសពលរដ្ឋទាំងនៅ Summerland, Peachland និងសហគមន៍ផ្សេងទៀតនៅភាគខាងលិចនៃបឹង Okanagan នៅភាគខាងត្បូងរដ្ឋ British Columbia ។ របាយការណ៍ដំបូងបានរាយការណ៍ កាលពីថ្ងៃសុក្រនៅភាគខាងលិចនៃ Summerland ថា ភ្លើងដែលឆាបឆេះដោយខ្យល់បក់ខ្លាំង និងរុក្ខជាតិស្ងួតអាចធ្វើដំណើរ
បានចម្ងាយប្រហែល១៥គីឡូម៉ែត្ររួចហើយឆ្ពោះទៅកាន់បឹងក្នុងរយៈពេលប៉ុន្មានម៉ោង ដោយកើនឡើងដល់ជាង១០០ គីឡូម៉ែត្រក្រឡា។
មន្ត្រីក្នុងតំបន់បាននិយាយថា ភ្លើងបានបង្កឱ្យមានព្រឹត្តិការណ៍ជម្លៀសដ៏ធំបំផុតនៅក្នុងរដ្ឋ British Columbia មកទល់ពេលនេះក្នុងរដូវក្តៅនេះ ដោយមនុស្សជាង ២ម៉ឺននាក់ នៅទូទាំងខេត្តបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
អាកាសធាតុក្តៅ និងស្ងួតខ្លាំងបានបង្កើនហានិភ័យនៃអគ្គីភ័យបន្ថែមទៀត ដែលរាលដាលពាសពេញទីក្រុង British Columbia ។ ខេត្តបានចេញបញ្ជាជម្លៀសចំនួន ៤០ទីតាំងនិងការប្រកាសអាសន្នចំនួន៤៩ផងដែរ។
ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីប្រហែល៩,៩លានហិចតាឬប្រមាណជា៤ម៉ឺន គីឡូម៉ែត្រក្រឡា នៅទូទាំងប្រទេសមកទល់ពេលនេះ នេះបើយោងតាមមជ្ឈមណ្ឌលភ្លើងឆេះព្រៃអន្តរទ្វីបរបស់កាណាដា៕
ប្រែសម្រួល៖ ស៊ុន លី









