តើសហជីព ដែលដឹកនាំកម្មករធ្វើបាតុកម្ម និងប្រមូលលុយពីបរទេស អាចចាត់ទុកថាជា «សហជីពឯករាជ្យ» ដែរឬទេ?

ភ្នំពេញ៖ សហជីពត្រូវបានចាត់ទុកថា ជាស្ថាប័នតំណាងឱ្យផលប្រយោជន៍របស់កម្មករ និងនិយោជិត ជាពិសេសក្នុងការការពារសិទ្ធិ លក្ខខណ្ឌការងារ ប្រាក់ឈ្នួល និងសុខុមាលភាពនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះ ការអនុវត្តសិទ្ធិសហជីព ដូចជាការចរចារួម ការធ្វើកូដកម្ម ឬការតវ៉ា ក៏ត្រូវស្ថិតក្រោមក្របខណ្ឌនៃច្បាប់ផងដែរ។
ក្នុងបរិបទនេះ សំណួរមួយដែលតែងតែត្រូវបានលើកឡើង គឺថា តើសហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម ឬកូដកម្ម និងសហជីពដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ ឬដៃគូបរទេស អាចចាត់ទុកថាជា «សហជីពឯករាជ្យ»ដែរឬទេ?
លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC)បានថ្លែងថា៖«បងប្អូនយើងខ្លះនៅតែយល់ច្រឡំថា សហជីពឯករាជ្យ គឺសំដៅដល់សហជីពដែលប្រឆាំង រិះគន់ ដឹកនាំកម្មករធ្វើបាតុកម្ម និងធ្វើជាដៃជើងឱ្យជនបរទេស។ វាមិនសំដៅបែបហ្នឹងទេបងប្អូន យើងគួរតែឱ្យតម្លៃលើសហជីពដែលធ្វើការងារមានវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងឈរលើផលប្រយោជន៍រួមរបស់កម្មករ ហើយក៏លើកឡើងពីបញ្ហាដែលត្រូវកែលម្អនៅពេលមានការខ្វះខាតដែរ»។
លើសពីនេះលោកថា ភាពឯករាជ្យរបស់សហជីព មិនគួរត្រូវបានវាស់តាមសកម្មភាពថា សហជីពមួយដឹកនាំកម្មករធ្វើបាតុកម្ម ឬសហជីពដែលទទួលបានលុយពីបរទេសនោះទេ។ អ្វីដែលសំខាន់ គឺត្រូវពិនិត្យថា តើសហជីពនោះអាចធ្វើការសម្រេចចិត្តដោយឯករាជ្យ មានតម្លាភាព និងអាចតំណាងឱ្យផលប្រយោជន៍របស់កម្មករនិយោជិតបានកម្រិតណា។
បើតាមលោក សំ សឿន កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលពួកគេបានចោទនោះទេ ប៉ុន្ដែកម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ដែលមានអង្គការអន្តរជាតិខាងការងារ(ILO), គម្រោងប៊ីហ្វែសស៊ី(BFC) និងម្ចាស់ពាណិជ្ជសញ្ញា(Brand)ទាំងអស់ជាសាក្សីថា កម្ពុជាពិតជាអនុវត្តន៍បានល្អយ៉ាងណាខ្លះក្នុងរយៈពេល ២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា ប្រសិនបើសហជីពណាមួយដែលបានទទួលមូលនិធិ ឬជំនួយពីបរទេស គឺមានន័យថា សហជីពនោះបានបាត់បង់ភាពឯករាជ្យរបស់ខ្លួនរួចទៅហើយ ព្រោះមូលនិធិនោះ អាចទាញយកផលប្រយោជន៍ និងអាចបង្គាប់បញ្ជាថ្នាក់ដឹកនាំសហជីពនោះឱ្យធ្វើតាមផែនការម្ចាស់លុយ។

លោកបញ្ជាក់ថា៖«ការដែលសហជីពណាមួយទទួលបានមូលនិធិ ឬជំនួយពីបរទេស គួរតែមានការពិនិត្យឱ្យបានច្បាស់ថា តើមូលនិធិនោះមានភ្ជាប់ជាមួយលក្ខខណ្ឌ ឬឥទ្ធិពលណាមួយលើការសម្រេចចិត្តរបស់សហជីពដែរឬទេ។ ប្រសិនបើអ្នកផ្តល់មូលនិធិអាចប្រើប្រាស់ជំនួយនោះ ដើម្បីទាញយកផលប្រយោជន៍ ឬមានឥទ្ធិពលរហូតដល់អាចបង្គាប់បញ្ជាថ្នាក់ដឹកនាំសហជីពឱ្យអនុវត្តតាមបំណងរបស់ខ្លួន នោះវាអាចប៉ះពាល់ដល់ភាពឯករាជ្យរបស់សហជីពយ៉ាងធ្ងន់ធ្ងរ»។
ជាមួយគ្នានេះ លោកបានអំពាវនាវសហជីពមួយចំនួន មិនគួរប្រើការធ្វើបាតុកម្ម ឬប្រភពមូលនិធិជាមូលដ្ឋាន ដើម្បីដាក់ស្លាកថា សហជីពណាមួយ «ឯករាជ្យ» ឬ «មិនឯករាជ្យ»នោះឡើយ។ លោកថា ការពង្រឹងតម្លាភាព គណនេយ្យភាព និងការចូលរួមរបស់សមាជិក គឺជាមូលដ្ឋានសំខាន់សម្រាប់កសាងសហជីពដែលមានភាពជឿទុកចិត្ត និងអាចតំណាងឱ្យកម្មករបានយ៉ាងពិតប្រាកដ។
សម្រាប់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់អង្គការវិជ្ជាជីវៈ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក៕








