លោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាពេលខាងមុខ ។
អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំមីយ៉ាន់ម៉ានេះ ត្រូវបានប្រកាសឡើងដោយស្ថាប័ន ព្រឹទ្ធសភា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា តាមគម្រោងលោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញាខាងមុខ ។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចដ៏កម្រ របស់លោក មីន អោងឡាំងនេះ ក្នុងគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ។
លោក ជា ធីរិទ្ធគូសបញ្ជាក់ថា “តាមការគ្រោងទុក គឺលោកប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញមកទស្សនកិច្ចមកកម្ពុជានៅដើមខែកញ្ញា ដែលជាដំណើរទស្សនកិច្ចក្នុងគោលដៅដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំ” ។
សូមបញ្ជាក់ថា លោក មីន អោងឡាំង ធ្លាប់បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅកម្ពុជាម្តងរួចមកហើយ ក្នុងនាមជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា កាលពីខែមីនា ឆ្នាំ២០១៧ ។ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានាពេលខាងមុខ គឺជាដំណើរទស្សកិច្ចលើកទី២របស់លោក បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៊ីវិល កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ មុននឹងឈានជើងមកដល់កម្ពុជា លោក មីន អោងឡាំង បាននិងកំពុងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនរួចមកហើយ រួមមាន ៖ ប្រទេសឡាវ ប្រទេសថៃ និងប្រទេសរុស្ស៊ី ៕
