លោក កែវ រ៉េមី ប្រាប់ភាគីកាណាដា ពីយោធាថៃ បន្តសកម្មភាពបំពានកម្ពុជា
ភ្នំពេញ ៖ លោកកែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងអំពីសកម្មភាពផ្សេងៗ របស់ភាគីថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ មកលើបូរណភាពទឹកដីកម្ពុជា ទៅឯកអគ្គរាជទូតនៃប្រទេសកាណាដា។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក កែវ រ៉េមី បានលើកឡើង អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ។

បើតាមទេសរដ្ឋមន្រ្តី សកម្មភាពបំពានរបស់យោធាថៃ ទាំងនោះរួមមាន ៖ ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅ ក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃ ចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង៦៤ ម៉ឺន នាក់។

លោក កែវ រ៉េមី បន្ថែមថា ភាគីថៃក៏បានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ។

មេសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ទៀតថា ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជិត ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា៕


