អ៊ីរ៉ង់ ចំអកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយហៅការបរាជ័យបន្ទាប់របស់ខ្លួនថា ជាសង្គ្រាមសេដ្ឋកិច្ច

តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិក ឥឡូវនេះកំពុងដាក់សម្ពាធបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោមស្លាកថា “សង្គ្រាមសេដ្ឋកិច្ច” ដែលលោកចាត់ទុកថាជាការប៉ុនប៉ងបិទបាំងការបរាជ័យពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន។
លោក Gharibabadi បានឧ្យដឹងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខណៈពេលដែលសហរដ្ឋអាមេរិកអះអាងថា អ៊ីរ៉ង់ “កំពុងស្ថិតនៅលើគែមនៃការដួលរលំ” ខ្លួនកំពុងទាក់ទងទៅសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួនសម្រាប់ជំនួយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។
លោក Gharibabadi បានលេីកឡេីងថា ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួន សហរដ្ឋអាមេរិកត្រូវតែបង្កើតការបរាជ័យកាន់តែធំមួយ ដោយបន្ថែមថា សង្គ្រាមយោធាបានបរាជ័យក្នុងការផ្តល់លទ្ធផល ហើយទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះកំពុងហៅការបរាជ័យបន្ទាប់ថាជា “សង្គ្រាមសេដ្ឋកិច្ច”។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើម “ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មានប្រឆាំងនឹងប្រទេសណាមួយដែលពាក់ព័ន្ធ” ប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា








