Feature

ការងាររត់រកមនុស្សដល់មូលដ្ឋាន! ក្រសួងការងារនាំឱកាស ២ ៤០០កន្លែងជូនប្រជាពលរដ្ឋ និងអតីតពលករ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ​២ ៤០០កន្លែង​ មកជូនប្រជាពលរដ្ឋជិត ​៦០០នាក់​ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ ​”ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ”​ លោក​ យឹម ស៊ីណន រដ្ឋលេខាធិការ​ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ​៩ម៉ឺនកន្លែង​ នៅទូទាំងប្រទេស។ ការនាំឱកាសការងារមកដល់មូលដ្ឋាន គឺជាការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារ និងនិយោជក ព្រមទាំងជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារ។

សម្រាប់អតីតពលករមកពីប្រទេសថៃ លោកបានលើកទឹកចិត្តឱ្យចាប់យកឱកាសការងារក្នុងស្រុក ដើម្បីរស់នៅជិតក្រុមគ្រួសារ និងទទួលបានការគាំពារពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) រួមមានការការពារហានិភ័យការងារ ការថែទាំសុខភាព និងសោធន។ ទន្ទឹមនេះ ក្រសួងបានពង្រីកការបណ្តុះបណ្តាលជំនាញតាមរថយន្តចល័ត ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេ ព្រមទាំងអនុវត្តកម្មវិធីតេស្ដទទួលស្គាល់ជំនាញពីមុន ​(RPL)​ សម្រាប់អ្នកមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ។

​ក្រៅពីឱកាសការងារក្នុងស្រុក លោកក៏បានណែនាំអតីតពលករ និងប្រជាពលរដ្ឋដែលមានបំណងធ្វើការនៅក្រៅប្រទេស ឱ្យជ្រើសរើសទីផ្សារការងារដែលមានស្តង់ដា លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ ស្តីពីឱកាសការងារ និងលេខ ១២៨៦ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស. ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងជ្រើសរើសការងារសមស្របនឹងសមត្ថភាព និងគោលដៅរបស់ខ្លួន។​

ក្នុងឱកាសនេះដែរ លោក​ គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ បានលើកទឹកចិត្តប្រជាពលរដ្ឋ និងអតីតពលករ ឱ្យចាប់យកឱកាសការងារស្របច្បាប់ក្នុងស្រុក ដែលកំពុងមានតម្រូវការកម្លាំងពលកម្មនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ចំពោះអ្នកធ្លាប់ធ្វើការនៅក្រៅប្រទេស ដូចជា អ៊ីស្រាអែល និងកូរ៉េខាងត្បូង លោកបានណែនាំឱ្យយកចំណេះដឹង ជំនាញ និងបទពិសោធផ្សេងៗដែលទទួលបាន មកប្រើប្រាស់សម្រាប់បង្កើតអាជីវកម្ម ឬមុខរបរសមស្របនៅក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូលសមរម្យ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។

សូមបញ្ជាក់ថា ឱកាសការងារទាំង ​២ ៤០០កន្លែង​ ត្រូវបាននាំមកពី ​ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស្ព័រតិច អ៊ិនឌឹសស្រ្ទីយ៍​ ,ធនាគារអេស៊ីលីដា ភីអិលស៊ី,ធនាគារអេ អឹម ខេ និងក្រុមហ៊ុន គ្លូប៊លហ្គ្រីន(ខេមបូឌា)អេនើជីឌីវេឡុបមេន ដែលបានចូលរួមបង្កើតជម្រើសការងារជាក់ស្តែងជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការជួបផ្ទាល់រវាងអ្នកស្វែងរកការងារ និងនិយោជក ក៏អាចជួយឱ្យប្រជាពលរដ្ឋឈ្វេងយល់ពីលក្ខខណ្ឌការងារ និងជ្រើសរើសមុខតំណែងដែលសមស្របនឹងជំនាញរបស់ខ្លួន៕

To Top