រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ត្រូវគ្រប់គ្រងអារម្មណ៍ របស់ខ្លួនឱ្យបាន ចៀសវាងប្រព្រឹត្ត បទល្មើសទាំងកំរោល
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍ របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើស ទាំងកំរោលណាមួយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពី បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួន ទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ សីហា នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអនុវត្ត ការងារជំនាញនិងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួលនិងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូត ដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញ និងសម្របសម្រួលនីតិវិធីលើករណីនេះ យ៉ាងជោគជ័យ។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំសូមទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្ត ត្រូវតែហ៊ានទទួលខុសត្រូវ ចៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួន អស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុស អនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការ អន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ ។ តែទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ខ្លួននិងការ ចូលខ្លួនសារភាពគឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍»៕
