Feature

លោក គន់ គីម ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវត្រៀមអន្តរាគមន៍ ជួយពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយថ្លែងរំលឹក ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវសហការតាមដាន ពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក គន់ គីម ថ្លែងថា រដូវនេះជារដូវវស្សាហើយមានទឹកជំនន់ជន់លិច ។ ដូច្នេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវតាមដានដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យ ឱ្យបានទាន់ពេលវេលា។

បើតាមលោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដាន ស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព។

ទន្ទឹមនឹងទឹកជំនន់បង្ក ឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ កាន់តែកើនឡើង ទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត យកចិត្តទុកដាក់ពិនិត្យពីការ ឆ្លើយតប ចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរ ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះ ដែលប្រឈមហានិភ័យ ។

លោកគន់ គីម បន្តថា បច្ចុប្បន្នលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងរដ្ឋបាលស្រុកកំពុង សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និង រដ្ឋបាលឃុំនានា ដើម្បីរៀបចំ ស៊ីទែនទឹក ប្រព័ន្ធតទឹកស្អាត បង្គន់អនាម័យ និងអំពូលសូឡានៅតាមទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋដែលបានជម្លៀស។
ដោយឡែក ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ត្រូវបានជម្លៀស ទេសរដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋស្តាប់ និងអនុវត្ត តាមការណែនាំ របស់អាជ្ញាធ រមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹង ជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ រួមមាន ៖ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មើ៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៣,៧១៩គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ១,៤៣០គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន ៕

To Top