Feature

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ

ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យអង្គភាពកងយោធពលខេមរភូមិន្ទ និងអង្គភាពស៊ីវិលរួមគ្នា ពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នេះ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិលឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។

លោកវាយតម្លៃខ្ពស់ ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងអំពាវនាវឱ្យបន្តសហការ យ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព ។

ជាមួយគ្នានេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានសង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ៕

To Top