ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរៀបចំ ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពីរូបថតព័ត៌មានស្តីពីវត្ថុសិល្បៈខ្មែរ ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ និង លោកជំទាវ ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត។

ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្តពោធិ៍សាត់ យុវជន ស.ស.យ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣០០នាក់។

ការរៀបចំការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីគុណតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ឆ្ពោះទៅសម្រេចបានតាមគោលដៅ «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។

ជាពិសេស ការតាំងពិព័រណ៍នេះមានគោលបំណងឱ្យសាធារណជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីសម្បត្តិបេតិកភណ្ឌ និងមរតកដូនតាខ្មែរ ដែលបានបាត់បង់ និងត្រូវបានរាជរដ្ឋាភិបាលខិតខំទាមទារត្រឡប់មកកម្ពុជាវិញ ព្រមទាំងបំផុសចលនាមហាជនឱ្យចូលរួមគាំទ្រ និងចូលរួមថែរក្សា ការពារ សម្បត្តិវប្បធម៌ជាតិ។
លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការបំផុស និងដាស់ស្មារតីយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ ឱ្យបានស្គាល់ និងយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកដោយបុព្វបុរសជាច្រើនជំនាន់មកហើយ។
តាមរយៈការតាំងពិព័រណ៍នេះ ក៏ជាការចូលរួមផ្សព្វផ្សាយចំណេះដឹង បង្កើនការយល់ដឹង និងបណ្តុះមនសិការ ស្មារតីស្រឡាញ់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដល់កូនខ្មែរគ្រប់រូប ឱ្យចូលរួមថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ខ្មែរ ឱ្យស្ថិតស្ថេរ គង់វង្សជានិរន្តរ៍ ព្រោះបេតិកភណ្ឌវប្បធម៌ គឺជាអត្តសញ្ញាណ និងជាដួងព្រលឹងរបស់ជាតិ៕
អត្ថបទនេះដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល
