Feature

ចិន បំពាក់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ដល់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា

ភ្នំពេញ៖ នៅក្នុងបរិបទដែលបទល្មើសសេដ្ឋកិច្ច និងអំពើពុករលួយកំពុងវិវត្តខ្លួនកាន់តែមានភាពស្មុគស្មាញដោយពឹងផ្អែកលើបច្ចេកវិទ្យា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. – ACU) របស់កម្ពុជា បានបោះជំហានជាយុទ្ធសាស្ត្រមួយកម្រិតទៀត តាមរយៈការទទួលបាននូវប្រព័ន្ធកុំព្យូទ័រ និងបរិក្ខារបច្ចេកវិទ្យាមានប្រសិទ្ធភាពខ្ពស់ ដែលជាអំណោយពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព. រួមជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ជំនួយបច្ចេកទេសរបស់មិត្តចិន នៅពេលនេះ មិនមែនត្រឹមតែជាការផ្ដល់សម្ភារៈធម្មតានោះទេ ប៉ុន្តែជាការបំពាក់នូវ «អាវុធឌីជីថល» ដ៏មុតស្រួចសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា បរិក្ខារទាំងនេះនឹងក្លាយជាស្នូលនៃការធ្វើទំនើបកម្មស្ថាប័ន ជាពិសេសលើការងារ កោសលវិច័យឌីជីថល (Digital Forensics) ការវិភាគទិន្នន័យស៊ីជម្រៅ និងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក។ នេះគឺជាការបង្កើនលទ្ធភាពវាយលុក និងទប់ស្កាត់បទល្មើសពុករលួយក្នុងយុគសម័យឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍។

ការពង្រឹងសមត្ថភាពរបស់ អ.ប.ព. គឺជាសារយុទ្ធសាស្ត្រមួយផ្ញើជូនអ្នកវិនិយោគជាតិ និងអន្តរជាតិ។ លោក ប្រធាន អ.ប.ព. បានសង្កត់ធ្ងន់ថា បរិយាកាសធុរកិច្ចដែលស្អាតស្អំ យុត្តិធម៌ គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ អ.ប.ព. ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគគ្រប់រូប ជាពិសេសសហគ្រាសចិន ដើម្បីពង្រឹងទំនុកចិត្តពាណិជ្ជកម្មទ្វេភាគី ស្របតាមស្មារតីនៃ «គំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ»។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសរំលេចពីចំណងប្រវត្តិសាស្ត្រដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ដោយចាត់ទុកជំនួយនេះជាការរួមចំណែក «វាយឱ្យចំគោលដៅ» ក្នុងការលើកកម្ពស់វិជ្ជាជីវៈស៊ើបអង្កេតរបស់កម្ពុជា។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះ អ.ប.ព. ដែលកន្លងមកតែងតែជួយសម្របសម្រួលយ៉ាងសកម្ម តាមរយៈការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសហគ្រាសចិន ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្ត៕

To Top