ក្រសួងបរិស្ថាន គាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប
ភ្នំពេញ ៖ ក្នុងពេលអនុញ្ញាតិឱ្យ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងផែនការបន្ត ក្នុងការការពារធនធានធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការកសាងភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តី បានថ្លែងថា ការចូលរួមជំរុញការអភិវឌ្ឍន៍ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះគម្រោងដាំស្មៅយក្ស នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ កាត់បន្ថយការចូលកាប់ព្រៃឈើខុសច្បាប់ ផ្តល់ជម្រើសថាមពលស្អាត សម្រាប់រោងចក្រសហគ្រាស ជំនួសឱ្យការដុតអុស និងធ្យូង ដែលកន្លងមកបានដាក់សម្ពាធលើឈើធម្មជាតិ និងជួយដល់បរិស្ថានយ៉ាងប្រសើរ។

ជាមួយគ្នានេះ លោក បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ថ្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ អង្គការដៃគូ សមាគម សង្គមស៊ីវិល រួមទាំងអ្នកស្រឡាញ់បរិស្ថាន ដើម្បីជំរុញការអភិរក្សបរិស្ថាន ការការពារធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ លើគម្រោងសហការ ក្នុងការដាំដើមឈើ ស្តារព្រៃលិចទឹក នៅក្នុងតំបន់បឹងទន្លេសាប ដើម្បីការពារ និងថែរក្សាបរិស្ថាន ជុំវិញបឹងទន្លេសាប ព្រមទាំងទប់ស្កាត់ការបាត់បង់ ធនធានធម្មជាតិ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមអំពីសារៈសំខាន់នៃទន្លេសាប ដែលជាបេះដូង និងប្រភពធនធានជិវៈចម្រុះដ៏សំខាន់ ដែលត្រូវការពារពីការទន្ទ្រានដីព្រៃ និងទប់ស្កាត់ភ្លើងឆេះព្រៃ។
ជាមួយគ្នានេះ លោក បានបន្តអំពាវនាវឱ្យមានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមបង្កើនគម្របបៃតង និងការពារធនធានធម្មជាតិបឹងទន្លេសាប សម្រាប់កូនចៅតជំនាន់៕
