កម្ពុជា-តួកគីយ៉េ ផ្លាស់ប្ដូរយោបល់គ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២៤ សីហា នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក មេតសុត អុដ្ឋចាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយស្មារតីផ្ដល់តម្លៃខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លើសពីនេះ លោក មេតសុត អុដ្ឋចាន បានជម្រាប លោកឧបនាយករដ្ឋមន្រ្តី អំពីការបន្តឆ្ពោះទៅមុខរបស់ភាគីតួកគីយ៉េ ទាំងសម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកយន្តការសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសក្នុងវិស័យសន្តិសុខ និងបណ្ដុះបណ្ដាល។

ឈរលើមូលដ្ឋានផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមហាផ្ទៃ បានផ្ដល់កិច្ចសហការយ៉ាងល្អក្នុងការងារសហការស្រាវជ្រាវមុខសញ្ញាល្មើសច្បាប់ ការសម្របសម្រួលបញ្ជូនជនជាតិតួកគីយ៉េ និងការឈានទៅរៀបចំចុះហត្ថលេខាលើអនុស្សរណៈទ្វេភាគីរវាងកម្លាំងអនុវត្តច្បាប់។
រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះភាគីមិត្តដែលកន្លងមក និងបច្ចុប្បន្ន បាននិងកំពុងផ្ដល់ការគាំទ្រដល់ក្រសួងមហាផ្ទៃ តាមរយៈការទទួលបណ្ដុះបណ្ដាល សិស្ស និស្សិត និងគ្រូនគរបាលកម្ពុជានៅប្រទេសតួកគី និងការផ្ដល់កិច្ចសហការគាំទ្រការហ្វឹកហ្វឺនលើជំនាញល្បាតបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងព្រំដែនសមុទ្រ។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយស្មារតីផ្ដល់តម្លៃខ្ពស់ ដល់ការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធ លើការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការបន្តធ្វើការរួមគ្នាទាំងកម្រិតទ្វេភាគី និងជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
