ស្អែកនេះ! ក្រសួងការងារនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករ យុវជន និងប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅខេត្តពោធិ៍សាត់ រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងរៀបចំនៅថ្ងៃសុក្រ ទី២៨ ខែសីហា នៅក្នុងបរិវេណសាលាស្រុកតាលោសែនជ័យ និងនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ក្នុងបរិវេណសាលាស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល។

លោកបញ្ជាក់ថា អ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩០ ៨៣៣កន្លែង នៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ព្រមទាំងទទួលបាននូវអាហារ ភេសជ្ជៈ និងការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវសាជាថ្មីម្តងទៀត ទៅដល់អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍នៃរបបសង្គមច្រើនជាង សុវត្ថិភាពជាង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕
