ករណីរោងចក្រនីឌិច៖ ក្រសួងការងារចុះប្រកាសទូទាត់អត្ថប្រយោជន៍ស្របតាមច្បាប់ អត្ថប្រយោជន៍ស្ត្រីមានផ្ទៃពោះនិងនាំឱកាសការងារថ្មីរាប់ម៉ឺនកន្លែងជូនបងប្អូនកម្មករ
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា បានចុះជួបកម្មករនិយោជិតរបស់ក្រុមហ៊ុន NIDEC DIE-CASTING (CAMBODIA) CO., LTD. នៅខេត្តបន្ទាយមានជ័យ ដើម្បីប្រកាសអំពីការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍តាមច្បាប់សម្រាប់កម្មករនិយោជិត រួមទាំងគិតគូរពីអត្ថប្រយោជន៍ជូនបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ ខណៈដែលក្រសួងក៏បាននាំយក ឱកាសការងារថ្មីពីរោងចក្រ និងសហគ្រាសផ្សេងៗទៅជូនកម្មករនៅទីតាំងរោងចក្រផ្ទាល់ផងដែរ។ នេះគឺជាការបញ្ជាក់ពីលោកស៊ុនមេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យដដែលរូបនេះ បានបន្តឱ្យដឹងថា ក្រុមហ៊ុនបានឯកភាពទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ដែលកម្មករត្រូវទទួលបានតាមច្បាប់ និងតាមការព្រមព្រៀងរវាងភាគី។ សម្រាប់កម្មការិនីមានផ្ទៃពោះ ក្រុមហ៊ុនក៏បានឯកភាពផ្តល់អត្ថប្រយោជន៍បន្ថែមដើម្បីជួយគាំពារពួកគាត់ក្នុងពេលដែលត្រូវផ្លាស់ប្តូរពីការងារចាស់ទៅរកការងារថ្មីផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា គោលការណ៍របស់ក្រសួងគឺត្រូវធានាឱ្យកម្មករទទួលបានអត្ថប្រយោជន៍ពីការងារចាស់ឱ្យបានត្រឹមត្រូវហើយក្នុងពេលជាមួយគ្នា ត្រូវជួយឱ្យពួកគេអាចចូលទៅរកការងារថ្មីបានឆាប់។

«យើងមិនត្រឹមតែចុះមកដោះស្រាយការទូទាត់អត្ថប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែយើងនាំឱកាសការងារមកដល់បងប្អូនផ្ទាល់ ដើម្បីឱ្យពួកគាត់អាចបន្តមានការងារមានប្រាក់ចំណូល និងរក្សាស្ថិរភាពជីវភាពគ្រួសារ»។ នេះជាការបញ្ជាក់របស់ ស៊ុន មេសាដដែល។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានយកព័ត៌មានអំពីតម្រូវការជ្រើសរើសកម្មករពីរោងចក្រនិងសហគ្រាសនានា ទៅផ្សព្វផ្សាយ និងចុះឈ្មោះជូនកម្មករនិយោជិតនៅទីតាំងផ្ទាល់ផងដែរជាមួយនឹងក្រុមហ៊ុន រោងចក្រ សហគ្រាសជាដៃគូរជាច្រើនដែលមានឱកាសការងាររាប់ម៉ឺនកន្លែងជូនបងប្អូនដែលមានទាំងឱកាសការងារក្នុងវិស័យប្រហាក់ប្រហែលនឹងរោងចក្រឌីនិចផងដែរ។

បន្ថែមពីនេះ ក្រសួងការងារតាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានការទូទាត់អត្ថប្រយោជន៍របស់កម្មករឱ្យបានត្រឹមត្រូវនិងបន្តភ្ជាប់អ្នកដែលត្រូវការការងារទៅកាន់រោងចក្រនិងសហគ្រាសដែលកំពុងជ្រើសរើសកម្មករថ្មីដែលបងប្អូនកម្មករនិយោជិតទាំងអស់អាចទាក់ទងមកលេខប្រព័ន្ធ១២៩៧ដែលប្រចាំការ៧ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីរងចាំជួយសម្របសម្រួល៕
