រដ្ឋមន្ដ្រីអប់រំ ៖ មានការថយចុះ គួរឱ្យកត់សម្គាល់ នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡងបាក់ឌុប
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេស បានឱ្យដឹងថា គ្រប់ដំណាក់កាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានការថយចុះគួរឱ្យកត់សម្គាល់ នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡង។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាព មិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទនៃស្ថាប័នទាំងពីរ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំក្រុមប្រឹក្សាវិន័យឆ្លើយតប នឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡង គឺជាយន្តការផ្លូវការមួយដ៏សំខាន់ និងចាំបាច់ដើម្បីពិនិត្យ ស្រាវជ្រាវ និងសម្រេចលើភាពមិនប្រក្រតី ឬអាកប្បកិរិយាខុសវិន័យរបស់មន្ត្រី ឬភាគីពាក់ព័ន្ធក្នុងអំឡុងពេល និងក្រោយពេលប្រឡង ដោយពិនិត្យវាយតម្លៃ ធ្វើកំណត់ហេតុ និងកំណត់ស្ថានទម្ងន់ទោស ចំពោះករណីមិនប្រក្រតីនានា ក្នុងអំឡុង ពេលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិកន្លងទៅ ឈានទៅដាក់ចេញជាគោលការណ៍ បទប្បញ្ញត្តិក្រើនរំលឹកបង្ការបាតុភាពផ្សេងៗ ក្នុងការប្រឡងនាពេលអនាគត សំដៅកែលម្អដំណើរការប្រឡងឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រុមការងារ ទទួលបន្ទុករៀបចំការប្រឡង ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងឆ្លើយតប និងប្រមូលធាតុចូលយ៉ាងលម្អិត តាមរយៈការផ្លាស់ប្ដូរបទពិសោធ ដែលទទួលបានពីគ្រប់ដំណាក់កាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កន្លងទៅ ដោយបានបញ្ជាក់ពីការថយចុះគួរឱ្យកត់សម្គាល់នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡង។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ព្រមទាំងបានគូសរំលេច នូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ចំណែកយ៉ាងសកម្ម និងសំខាន់ ជំរុញឱ្យគ្រប់ដំណាក់កាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមបញ្ជាក់ថា ក្រសួងបានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផល ប្រឡងតាមមណ្ឌល សំណេរក្នុងរាជធានី និងតាមបណ្ដាខេត្តទាំង ២៥ នៅទូទាំងប្រទេស៕
