លោក ហួត ហាក់ ៖ វត្តអារាម មិនត្រឹមជាកន្លែងគោរព ជំនឿប៉ុណ្ណោះទេ ក៏ជាគោលដៅទេសចរណ៍ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ គូសបញ្ជាក់ថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ខណៈដេលវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិ តាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី សុង ធីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម «ដំណើរទស្សនកិច្ចសិក្សា របស់សាខាសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងទេសចរណ៍» នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង ។

ការរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ឱកាសដល់សមាជិកា បានសិក្សាស្វែងយល់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនា ស្តាប់ធម្មឱវាទ និងយកព្រះពុទ្ធឱវាទមកអនុវត្ត ក្នុងការរស់នៅនិងការបំពេញភារកិច្ចប្រចាំថ្ងៃ បានរួបរួមគ្នាមកធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងអង្គភាព និងស្ថាប័ន។

លោករដ្ឋមន្រ្តី ក៏បានថ្វាយប្រគេននូវសេចក្ដីគោរពកោតសរសើរ និងគោរពអរព្រះគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះគុណម្ចាស់ គូ សុភាព ដែលជានិច្ចជាកាលតែងតែបានផ្តល់ នូវធម្មឱវាទដ៏មានតម្លៃដល់ពុទ្ធបរិស័ទ, ផ្តល់អនុសាសន៍ល្អៗ នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស ការអភិវឌ្ឍទីអារាមនិគ្រោធវ័ន្ត ប្រកបដោយសោភ័ណភាព សណ្តាប់ធ្នាប់ ភាពស្អាត និងបរិស្ថានបៃតង មិនត្រឹមតែជាការលើកតម្កើងតម្លៃ ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រែក្លាយវត្តអារាមឱ្យក្លាយជា គោលដៅទេសចរណ៍សាសនា ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏លើកឡើងថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែង ទេសចរណ៍សាសនា បានផ្តល់ឱកាសដល់ភ្ញៀវទេសចរ បានស្វែងយល់អំពីព្រះពុទ្ធសាសនា ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍទេសចរណ៍សាសនា ត្រូវគោរពក្រឹត្យក្រមវិន័យនៃព្រះពុទ្ធសាសនា, ភាពស័ក្តិសិទ្ធិជាទីគោរពសក្ការៈ, សេចក្តីថ្លៃថ្នូរ, ព្រមទាំងធានា ភាពស្អាត បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់។ ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សាសនារបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព៕





