ផ្សែងធូបនៃការចងចាំ… ពីស្នាមរបួសសង្គ្រាម ទៅកាន់តម្លៃ នៃសន្តិភាព
ផ្សែងធូប ដែលបក់ឡើងស្ងាត់ៗ នៅថ្ងៃនេះ មិនមែនគ្រាន់តែជាផ្សែងធូប នៃការគោរពវិញ្ញាណក្ខន្ធនោះទេ ប៉ុន្តែជាផ្សែងនៃ ការចងចាំ ដែលរំលឹកយើង ឱ្យមិនភ្លេចពីភាពរន្ធត់ នៃភ្លើងសង្គ្រាម និងការបាត់បង់ របស់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងអតីតកាល ។

ក្នុងឱកាសធ្វើដំណើរឆ្លងកាត់ទឹកដី ប្រវត្តិសាស្ត្រស្រុកក្រឡាញ់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជាឱ្យឈប់ក្បួនរថយន្ត ហើយដឹកនាំនាយទាហានចុះអុជធូប នៅមុខសាលាឃុំចន្លាស់ដៃចាស់ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសល ជូនជនរងគ្រោះ ក្នុងហេតុការណ៍ ផ្ទុះមីនកាលពីខែតុលា ឆ្នាំ១៩៨៨ ។
កាលពីប្រមាណ ៣៨ឆ្នាំមុន ក្នុងបេសកកម្មបើករថយន្តជូន នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ឆ្ពោះទៅកងពលធំលេខ២៨៦ គ្រាប់មីន ដែលបង្កប់នៅក្នុងដី បានផ្ទុះឡើងយ៉ាងកក្រើក បង្កគ្រោះថ្នាក់ដល់រទេះគោ របស់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ មកពីភូមិសែនសុខ បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងរងរបួសយ៉ាងអាណោចអាធ័ម ហើយក្នុងពេលនោះ ក៏ស្ទើរតែឆក់យកជីវិត របស់លោកមេបញ្ជាការផងដែរ ។

ហេតុការណ៍មួយនេះ ទោះកន្លងផុតជាច្រើនទសវត្សរ៍ ក៏ស្នាមចងចាំនៅតែស្ថិតក្នុងបេះដូងអ្នក ដែលបានឆ្លងកាត់សម័យកាលនោះ។ ព្រោះសង្គ្រាមមិនត្រឹមតែបន្សល់ទុកស្នាមរបួសលើដីទេ ប៉ុន្តែបានបន្សល់ទុក ស្នាមរបួសក្នុងបេះដូងមនុស្ស ដែលមិនងាយរលុបបាត់ ។
ការឈរអុជធូប នៅទីតាំងកើតហេតុនាថ្ងៃនេះ គឺជាការគោរពចំពោះអ្នកដែលបានបាត់បង់ និងជាការរំលឹក ដល់កូនចៅជំនាន់ក្រោយថា ៖ «សន្តិភាព មិនមែនជារឿងដែលយើងគួរចាត់ទុកថាធម្មតា ព្រោះនៅពីក្រោយសន្តិភាព គឺមានការឈឺចាប់ ការលះបង់ និងជីវិតរបស់មនុស្សជាច្រើនដែលបានបាត់បង់»។

ដូច្នេះ ការចងចាំអតីតកាល មិនមែនដើម្បីបើករបួសចាស់ឡើងវិញទេ ប៉ុន្តែដើម្បីឱ្យយើង ស្រឡាញ់សន្តិភាព ឱ្យតម្លៃជីវិត និងរួមគ្នាការពារសន្តិភាព ដើម្បីកុំឱ្យសោកនាដកម្មដ៏ឈឺចាប់ទាំងនោះ កើតឡើងជាថ្មីនៅលើទឹកដីកម្ពុជា។
សូមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភព និងសូមឱ្យសន្តិភាពស្ថិតស្ថេរ ជាមួយប្រជាជនកម្ពុជាជារៀងរហូត។
