កាតា បញ្ជាក់ជាថ្មីចំពោះការគាំទ្រ ដំណោះស្រាយការទូត ដើម្បីបន្ថយភាពតានតឹងក្នុងតំបន់
ដូហា៖ ប្រទេសកាតា បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ប្រទេស ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដែលមានគោលបំណងបន្ថយភាពតានតឹង និងឈានដល់ដំណោះស្រាយ ដែលធានានូវសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រ និងបើកផ្លូវ សម្រាប់សន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសកាតា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam។
ក្រសួងបានឧ្យដឹងថា ការហៅទូរស័ព្ទទាំងនេះបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការរបស់កាតាជាមួយតួកគី អេហ្ស៊ីប និងលីបង់ និងវិធីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍក្នុងតំបន់ចុងក្រោយបំផុត។
មន្ត្រីទាំងនោះក៏បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត និងការសម្របសម្រួលរួមគ្នាដែលមានគោលបំណងបន្ថយភាពតានតឹង និងបង្កើនសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ការហៅទូរស័ព្ទទាំងនេះបានកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរការវាយប្រហារថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
នៅថ្ងៃពុធ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន «បានបញ្ចប់ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ ដោយជោគជ័យ» ដោយលើកឡើងពី «ការប៉ុនប៉ងវាយប្រហារថ្មីៗដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស និងប្រឆាំងនឹងសមាជិកសេវាកម្មអាមេរិក»៕
ប្រែសម្រួល ឈូក បូរ៉ា
