ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ព្រមានថា សហរដ្ឋអាមេរិក​ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវាយប្រហារ បន្ថែមទៀតលេីអ៊ីរ៉ង់ ប៉ុន្តែបដិសេធផែនការ ប្តូរឈ្មោះច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានព្រមានថា យោធាអាមេរិកត្រៀមខ្លួនរួចជាស្រេច​ ដើម្បីធ្វើការវាយប្រហារបន្ថែមទៀត ទៅលើអ៊ីរ៉ង់នៅពេលណា ដែលលោកចង់បាន។

លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «វាជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយកាលពីយប់មិញ ហើយយើងត្រៀមខ្លួនរួចជាស្រេច​ ដើម្បីធ្វើការវាយប្រហារមួយផ្សេងទៀត នៅពេលណាដែលយើងចង់បាន»។

ប្រធានាធិបតីអាមេរិករូបនេះ​ បានលេីកឡេីងថា យោធាអាមេរិក បានបំផ្លាញឧបករណ៍ថ្មីទាំងអស់ ដែលពួកគេបានព្យាយាមសាងសង់ តាមបណ្តោយច្រកសមុទ្រហ័រមូស»។

មន្ត្រីអ៊ីរ៉ង់បានឧ្យដឹងដា ការវាយប្រហាររបស់សហរដ្ឋអាមេរិក​ នៅយប់ថ្ងៃអង្គារបានវាយប្រហារពិធីជប់លៀងអាពាហ៍ពិពាហ៍មួយនៅភាគខាងត្បូងអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់​ ៤នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បានឧ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ទាំងនោះ ហើយយោធាអាមេរិក «មិនដែលកំណត់គោលដៅលើជនស៊ីវិលនោះឡើយ»។

នៅពេលសួរនៅរសៀលថ្ងៃពុធថាតើលោកពិតជាមានបំណងប្តូរឈ្មោះច្រកសមុទ្រហ័រមូស តាមឈ្មោះរបស់លោក​ ឬអត់ លោក ដូណាល់​ ត្រាំ បានលេីកឡេីងថា មិនមានផែនការប្ដូរឈ្មោះច្រកសមុទ្រហ័រមូស​ តាមឈ្មោះរបស់លោកនោះទេ។

លោកបានលើកឡើងពីគំនិត នៃការប្តូរឈ្មោះផ្លូវទឹកយុទ្ធសាស្ត្រនេះកាលពីព្រឹកថ្ងៃពុធ តិចជាងមួយសប្តាហ៍​ បន្ទាប់ពីលោកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ​ ដើម្បីប្តូរឈ្មោះបឹង Ontario ទៅជា “បឹងអាមេរិក” ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រទេសកាណាដា​ ជុំវិញជម្លោះពន្ធគយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top