Feature

លោក ទីវ រ៉ាវុឌ្ឍ អញ្ជើញចូលរួមយុទ្ធនាការ ដាំកូនឈើហូបផ្លែ និងចែកជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះនៅឃុំក្បាលត្រាច

ពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ ដាំកូនឈើហូបផ្លែ តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងឃុំក្បាលត្រាច ដោយមានការចែកជូនកូនឈើដល់ប្រជាពលរដ្ឋនៅចំនួន៤ភូមិ រួមមាន ភូមិកណ្តាល ភូមិត្រពាំងស្មាច់ ភូមិកំពង់លើ និងភូមិសំរោង ។

យុទ្ធនាការនេះ មានគោលបំណង លើកកម្ពស់ការដាំដើមឈើហូបផ្លែតាមខ្នងផ្ទះ បង្កើនការដាំដុះបន្លែ និងផ្លែឈើ សម្រាប់បរិភោគប្រចាំគ្រួសារ ព្រមទាំងចូលរួមបង្កើនគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យមានភាពស្រស់ស្អាត ស្អាត និងមានសុខភាពល្អ ។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ បានអញ្ជើញចូលរួមដាំកូនឈើហូបផ្លែចំនួន៧ប្រភេទ រួមមាន ដើមមៀន ដូងតឿ ម្កាក់ ខ្នុរ ក្រូចពោធិ៍សាត់ ក្រូចឆ្មា និងបំពេញរាជ្យ ។ ការដាំកូនឈើប្រភេទផ្សេងៗនេះ មិនត្រឹមតែជួយបង្កើនភាពបៃតង នៅតាមលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលហូបផ្លែ សម្រាប់គ្រួសារ និងអាចក្លាយជាប្រភពចំណូល បន្ថែមនៅពេលអនាគតផងដែរ។

សកម្មភាពដាំកូនឈើ តាមខ្នងផ្ទះនេះ ក៏ជាការជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ដាំដើមឈើ និងចូលរួមថែរក្សាបរិស្ថាន ក្នុងមូលដ្ឋាន ។ តាមរយៈការដាំដើមឈើជាប្រចាំ នឹងជួយបង្កើនគម្របបៃតង កែលម្អសោភ័ណភាពភូមិឃុំ និងរួមចំណែកបង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាពល្អ ។

ជាមួយគ្នានេះ លោក ទីវ រ៉ាវុឌ្ឍ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលទទួលបានកូនឈើ ឱ្យចូលរួមថែទាំ ស្រោចទឹក ដាក់ជី និងការពារកូនឈើឱ្យបានល្អ ដើម្បីឱ្យកូនឈើទាំងនេះ អាចលូតលាស់រឹងមាំ និងផ្តល់ផលប្រយោជន៍យូរអង្វែង សម្រាប់គ្រួសារ និងសហគមន៍ ។
យុទ្ធនាការដាំកូនឈើហូបផ្លែ តាមខ្នងផ្ទះនេះ ត្រូវបានចាត់ទុកថាជាសកម្មភាព ដ៏មានសារៈសំខាន់ ក្នុងការចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ការថែរក្សាបរិស្ថាន និងការបង្កើនគម្របបៃតងនៅក្នុងមូលដ្ឋាន។

អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top