លោក ឃួន ផុនរតនៈ លើកគំនិតផ្តួចផ្តើម៣ចំណុច ទៅសាកលវិទ្យាកូរ៉េ ឱ្យបន្តទ្រទ្រងវិស័យសំខាន់ៗ នៅកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា លោក ឃួន ផុនរតនៈ បានលើកអំពីគំនិតផ្តួចផ្តើមចំនួន ៣ចំណុច ទៅកាន់សាកលវិទ្យាកូរ៉េ ដើម្បីបន្តជួយទ្រទ្រងលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ។

ការលើកឡើងបែបនេះ របស់លោក ឃួន ផុនរតនៈ ក្នុងឱកាសអនុញ្ញាតឱ្យលោក Kim Yong-ha សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Konyang University នៅតំបន់នួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្នុងជំនួបនោះ លោក Kim Yong-ha បានលើកឡើងថា សាកលវិទ្យាល័យ Konyang ជាសាកលវិទ្យាល័យឯកជន មានឯកទេសលើជំនាញវេជ្ជសាស្ត្រ និងឧស្សាហកម្មយោធា។ លោកក៏បានលើកឡើងអំពីគម្រោងសហប្រតិបត្តិការកន្លងមក រវាងសាកលវិទ្យាល័យ និងក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងគម្រោងបណ្តុះបណ្តាល ជំនាញផ្នែកសុខភាពភ្នែក សម្រាប់គ្រូពេទ្យនៃមន្ទីរពេទ្យអង្គឌួង និងកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សាបន្ថែម លើជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យផងដែរ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសម្រាប់សមិទ្ធផលគម្រោង ដែលបានអនុវត្តកន្លងមកនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះលោកឃួន ផុនរតនៈ បានលើកឡើង នូវគំនិតផ្តួចផ្តើមចំនួន៣រួមមាន៖ ស្នើសាកលវិទ្យាល័យ ពិនិត្យលទ្ធភាពផ្តល់កូតាអាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា , បង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកគិលានុបដ្ឋាក និងបង្កើតចំណងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា ៕



