តើអាហ្សង់ទីន អាចវាយដណ្តើមយកកោះ Falklands ពីអង់គ្លេស បានដែរឬទេ?
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានថ្លែងសារនយោបាយដោយបង្ហើបថា ប្រទេសរបស់លោកអាច «ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស» ដើម្បី «យកប្រជុំកោះ Falklands ត្រឡប់មកវិញ» ។ ទោះជាយ៉ាងណា ការវិភាគផ្នែកយោធារបស់លោក Sean Bell នៃស្ថាប័ន Sky News ដែលបានចុះផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ នេះបានបង្ហាញថា សេនារីយ៉ូនៃការវាយដណ្តើមតាមផ្លូវយោធា គឺស្ទើរតែមិនអាចទៅរួចបានឡើយ។

ស្ថានភាពកងទ័ពអាហ្សង់ទីន នាពេលបច្ចុប្បន្ន មានកម្រិតទាបយ៉ាងខ្លាំង បើប្រៀបធៀបនិងអង់គ្លេស ដោយសារការខ្វះខាតថវិកា និងឧបករណ៍សឹកចាស់ៗ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបើកការវាយប្រហារ តាមអាកាស ឬតាមសមុទ្រដូចកាលពីឆ្នាំ ១៩៨២ ឡើយ។
ការការពារយ៉ាងរឹងមាំរបស់អង់គ្លេស បានរៀបចំប្រព័ន្ធយ៉ាងច្បាស់លាស់នៅលើកោះនេះ រួមមាន កងទ័ពជើងអាកាស យន្តហោះចម្បាំង Typhoon ប្រចាំការស្រាប់នៅមូលដ្ឋាន RAF Mount Pleasant និងប្រព័ន្ធការពារអាកាស មានមីស៊ីល ការពារអាកាសទំនើប Sky Sabre។ កងទ័ពជើងគោក និងជើងទឹកប្រចាំការ និងមាននាវាល្បាតរបស់កងទ័ពជើងទឹកភូមិន្ទ (Royal Navy)។
តាមការវិភាគផ្នែកយោធារបស់លោក Sean Bell កម្លាំងការពារខ្លួន របស់អង់គ្លេសនៅកោះ Falklands មានភាពទំនើប និងរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់រាល់ការគំរាមកំហែង ផ្នែកយោធាពីសំណាក់អាហ្សង់ទីន។
ប្រែសម្រួលដោយ៖ គីរី
