Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ មន្រ្តីជំនាញត្រូវពង្រឹង ការសហការគ្នា សម្រាប់ភាពធន នៃប្រព័ន្ធសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំមន្រ្តីជំនាញ ពង្រឹងការសហការគ្នា ជួយគ្នាក្នុងភាពជាម្ចាស់ការ ដើម្បីធ្វើឱ្យមានសហថាមពល សម្រាប់ភាពធន នៃប្រព័ន្ធសុខាភិបាល ក្នុងប្រទេស និងក្នុងតំបន់ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំជាជំហរ ឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែម ក្នុងការត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

បើតាមរដ្ឋមន្រ្តី កម្ពុជានឹងចូលរួមផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជិតស្និទ្ធ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងតំបន់ឱ្យកាន់តែប្រសើរឡើង ។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំ និងជំរុញដល់មន្ត្រីជំនាញបន្តខិតខំ និងប្តេជ្ញាចិត្តពង្រឹងការអនុវត្តការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តក្រសួងសុខាភិបាល ៕

To Top