លោក ត្រាំ ព្រមានថា អាមេរិកអាច នឹងវាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងពេលឆាប់ៗ និងបានចាត់ទុកជម្លោះនេះថាជា «រឿងតូចតាច»
Xinhua: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រថា កងទ័ពអាមេរិកអាចនឹងវាយប្រហារលើទីតាំង Pickaxe Mountain ដែលជាបន្ទាយក្រោមដីដ៏រឹងមាំ របស់អ៊ីរ៉ង់ ស្ថិតនៅជិតរោងចក្រអ៊ុយរ៉ាញ៉ូម Natanz ក្នុងពេលឆាប់ៗនេះ ខណៈដែលរូបលោកបានព្យាយាម បន្ធូរបន្ថយភាពតានតឹង ដោយហៅជម្លោះជាមួយអ៊ីរ៉ង់ថាជា «រឿងតូចតាច» ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានសេតវិមាន ដោយសំដៅលើទីតាំងក្រោមដី ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា អ៊ីរ៉ង់បានផ្លាស់ប្តូរស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទៅទីនោះថា៖ «យើងអាចនឹងវាយប្រហារលើទីតាំង Pickaxe ក្នុងពេលឆាប់ៗនេះ»។
ទន្ទឹមនឹងនេះ លោក ត្រាំ បានព្យាយាមកាត់បន្ថយទម្ងន់ នៃជម្លោះជាមួយអ៊ីរ៉ង់ ដោយអះអាងថានេះមិនមែនជាសង្គ្រាមនោះទេ។ លោកបានលើកឡើងថា៖ «ខ្ញុំហៅវាថាជាជម្លោះប្រដាប់អាវុធ ព្រោះវាជារឿងតូចតាចសម្រាប់យើង ។ វាមិនមែនជារឿងធំដុំនោះទេ វាជាការវាយប្រហារម្ដងម្កាល ហើយបច្ចុប្បន្នយើងក៏មិនបានកំពុងប្រយុទ្ធគ្នានោះដែរ» ។
ទោះជាយ៉ាងណា សារព័ត៌មាន CNN បានរាយការណ៍ថា កងកម្លាំងអាមេរិកបានវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់ជិត ៦០ កន្លែងនៅជុំវិញច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ រួមមានប្រព័ន្ធការពារអាកាស ប្រព័ន្ធរ៉ាដា សមត្ថភាពទម្លាក់មីន និងទីតាំងទំនាក់ទំនង។
យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ការវាយប្រហាររបស់អាមេរិក បានបណ្តាលឱ្យប៉ះពាល់ ដល់ពិធីរៀបអាពាហ៍ពិពាហ៍មួយ កន្លែងក្នុងស្រុក Sirik ខេត្ត Hormozgan ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរងរបួសជាង ៦០ នាក់។ ក្រោយមកនៅថ្ងៃពុធ លោក ត្រាំ បានគំរាមបន្តការវាយប្រហារលើអ៊ីរ៉ង់ «នៅពេលណាក៏បានដែលអាមេរិកត្រូវការ»។
គួររំលឹកផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយោធាយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលជាការចាប់ផ្តើមនៃជម្លោះដ៏ប្រដាប់អាវុធ និងបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។
ប្រែសម្រួលដោយ៖ គីរី
