Feature

រដ្ឋមន្ត្រីហាផ្ទៃ ៖ ពន្ធនាគារ ត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំ បានល្អ

កែប ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដី ពន្ធនាគារ ដែលមានស្រាប់ និងពិនិត្យឡើងវិញ នូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំ ជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀន ឱ្យនៅដាច់ដោយឡែកពីគ្នា។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារដាស់ស្មារតី ដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែក សម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ និងជាពិសេសត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងជាដាច់ខាត។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕

To Top