ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការសម្របសម្រួល គម្រោងវិនិយោគ របស់វៀតណាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា
បរទេស៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់លោកក្នុងការសម្របសម្រួល គម្រោងវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងវេទិកាធុរកិច្ច វៀតណាម-មីយ៉ាន់ម៉ា នៅទីក្រុងហាណូយ នៅថ្ងៃទី ៦ ខែកញ្ញា មេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតដែលប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៧៥ ។ កិច្ចសហប្រតិបត្តិការឥឡូវនេះ ពង្រីកហួសពីវិស័យនយោបាយ និងការទូតទៅកាន់វិស័យជាច្រើន រួមទាំងសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លុះបញ្ចាំងពីសក្តានុពល ដ៏សំខាន់សម្រាប់ការអភិវឌ្ឍនា ពេលអនាគតរបស់ប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសមីយ៉ាន់ម៉ា ដោយពាណិជ្ជកម្មទ្វេភាគីលើសពី ៥១០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥-២០២៦។
វៀតណាមក៏ជាអ្នកវិនិយោគ ដ៏សំខាន់មួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលមានដើមទុនចុះបញ្ជីសរុបជាង ២,៥៣ ពាន់លានដុល្លារនៅទូទាំងគម្រោងសកម្មជាង ៣០។
ប្រែសម្រួលៈ ណៃ តុលា
