Feature

លោក ឃួន ផុនរតនៈ ស្នើអភិបាលក្រុងនួនសាន់ នាំយកបច្ចេកទេសដាំស្ត្របឺរីដ៏ល្អទៅកាន់កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានស្នើអភិបាលក្រុងនួនសាន់របស់កូរ៉េ នាំយកបច្ចេកទេសដាំដុះផ្លែស្ត្របឺរីដ៏ល្អរបស់នួនសាន់ទៅកាន់ប្រទេសកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ​​ លោក ឃួន ផុនរតនៈ អបអរសាទរលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់តំណែងអភិបាល ក្រុងនួនសាន់អាណត្តិទី២។

លោក Baek បានប្រាប់ឯកអគ្គរាជទូតថា ក្នុងអាណត្តិទី២នេះ លោកមានបំណងអភិវឌ្ឍន៍ក្រុងនួនសាន់ ឱ្យក្លាយជាទីក្រុងដែលមានសក្តានុពលផ្នែកឧស្សាហកម្មយោធា និងកសិកម្ម។ ជាមួយគ្នានេះ អភិបាលក្រុងនួនសាន់ក៏បានអញ្ជើញឯកអគ្គរាជទូត ចូលរួមកម្មវិធី «ពិព័រណ៍ឧស្សាហកម្មស្ត្របឺរីពិភពលោកនួនសាន់ ២០២៧- 2027 Nonsan World Strawberry Industry Expo» នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ ។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះការអញ្ជើញសម្រាប់កម្មវិធីពិព័រណ៍នេះ និងបានអញ្ជើញលោកអភិបាលក្រុង ទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រី ជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលស្រដៀងនឹងក្រុងនួនសាន់។

ទន្ទឹមនឹងនេះ ដោយសម្លឹង ឃើញពីគម្រោងអភិវឌ្ឍន៍ របស់ក្រុងនួនសាន់ លោកឃួន ផុនរតនៈ ក៏បានស្នើសុំអភិបាលក្រុង នួនសាន់សហការក្នុងការធ្វើទំនើបកម្មនៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និង គ្រាប់ស្វាយចន្ទី ជាដើម ព្រមទាំងស្នើលោកអភិបាលក្រុង ពិចារណានាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អ របស់នួនសាន់ទៅកាន់ប្រទេសកម្ពុជា ។ លើសពីនេះ លោកក៏បានស្នើសាលាក្រុងជួយជំរុញ បន្ថែមលើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងនួនសាន់ និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕

To Top